(ព្រះសីហនុ)៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក និងនគរបាលពាក់ព័ន្ធ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានបន្តយុទ្ធនាការចុះអប់រំ ផ្សព្វផ្សាយ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ប្រព័ន្ធសុវត្ថិភាពនៅចំណុចដើមទី មុនពេលជលយានយន្តដឹកភ្ញៀវទេសចរណ៍ ចេញដំណើរទៅកាន់សមុទ្រ។
ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ថា «ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ មានខ្សល់ និងរលកនៅចន្លោះឃ្លង និងនៅតាមបណ្តាកោះ កំលាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុង ចុះពង្រឹងគោលដៅផែទូក ស្ថិតភូមិកោះតូច សង្កាត់កោះរ៉ុង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ប្រព័ន្ធសុវត្ថិភាព មុនជលយានយន្តចេញដំណើរ»។ លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា «យើងបានង្កើនកិច្ចការពារទ្វេរដង សំរាប់បុណ្យចូលឆ្នាំ វៀតណាម-ចិន កម្លាំងចាប់ផ្ដើមចេញពីថ្ងៃនេះទៅហើយ»។
លោកស្នងការ ក៏បានអំពាវនាវដល់ម្ចាស់ជលយានយន្ត និងប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការធ្វើដំណើរនៅតាមសមុទ្រ ខណៈពេលនេះមានបញ្ហាអាកាសធាតុនោះ៕