(ភ្នំពេញ)៖ បើទោះបីជាស្ថានភាពជំនន់ទឹកភ្លៀងក្នុងខណ្ឌដង្កោ បានស្រកចុះខ្លះក៏ដោយ តែអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តត្រៀមជួយសង្គ្រោះ និងបម្រើពលរដ្ឋ នៅតាមតំបន់លិចទឹកគ្រប់គោលដៅដដែល ព្រមជាមួយគ្នានោះ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយលើកដាក់លីសែងនិងរៀបចំអំណោយរបស់សប្បុរសជន០២ក្រុម ដើម្បីចែកជូនប្រជាពលរដ្ឋ ២គោលដៅ សរុបស្មើនឹង ៧៦០គ្រួសារ ក្នុងនោះរួមមាន៖
១៖ សប្បុរសជនក្រុមទី១ ដឹកនាំដោយព្រះភិក្ខុវជិរប្បេញ្ញោ គូ សុភាព លោកឧកញ៉ា អ៉ឹង លីហេង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកស្រី តាំង ហ្គិចលៀង លោកឧកញ៉ា ឡេង ហ៊ាន និងលោកជំទាវ បាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥០០ គ្រួសារ ស្ថិតនៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ និង លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ព្រមទាំងក្រុមការងារជាច្រើនទៀត។
២៖ សប្បុរសជនក្រុមទី២ ដឹកនាំដោយ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋភា-ព្រឹទ្ធសភា និងអធិការកិច្ច និង តំណាងក្រុមហ៊ុនបុរី អិល ជេ ចំនួន១៨រូប បាននាំយកអំណោយសប្បុរស របស់ ក្រុមហ៊ុនបុរី អិល ជេ (LJ) មកចែកជូនប្រជាជនដែលរងគ្រោះ ដោយទឹកជំនន់ចំនួន២៦០គ្រួសារ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួម ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង, លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ, លោកស្រី គឹម ញឹប ព្រមទាំងក្រុមការងារជាច្រើនរូបទៀតផងដែរ។
សកម្មភាពមនុស្សធម៌នេះ គឺជាយុទ្ធនាការជួយសម្រាលទុក្ខលំបាករបស់ប្រជាជនរងគ្រោះដោយសារទឹកជំនន់ ដែលតម្រូវឲ្យក្រុមការងារពាក់ព័ន្ធទាំងអស់ ដោយរាប់ទាំងវិស័យឯកជនផងនោះ បានចូលរួមឧត្ថម្ភជួយដល់ពលរដ្ឋខ្មែរ នៅតាមមូលដ្ឋានទូទាំងប្រទេស ឆ្លើយតបទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅតែមួយ គឺសង្រ្គោះ ការពារពលរដ្ឋ ដោយមិនទុកឲ្យរងគ្រោះ ឬខ្វះស្បៀងអាហារ ថ្នាំសង្កូវដោយយើងមិនបានដឹងនោះឡើយ ហើយកន្លងមក ថ្នាក់ដឹកនាំ តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន សមត្ថកិច្ចចម្រុះគ្រប់ស្ថាប័ន រួមមាន កងរាជអាវុធហត្ថ កងនគរបាល កងអង្គរក្ស, កងទ័ពជើងទឹក, កងពលតូចថ្មើរជើងលេខ៧០, កងពលតូចដឹកជញ្ជូនលេខ៩៩ ក៏ដូចជាកងយោធពលខេមរភូមិន្ទ ដ៏ទៃទៀត ព្រមទាំងសប្បុរសជន ជាច្រើន បានរួមគ្នាជួយសង្គ្រោះ ជម្លៀសបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ទាំងអស់ បានទៅរស់នៅទីទួលសុវត្ថិភាព និងបានចែកស្បៀងសម្រាប់បរិភោគបានគ្រប់ៗគ្នា៕