(កណ្តាល)៖ ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជាប្រធានគណៈកម្មាធិការសាខាបក្ស «ខ៦» ព្រមទាំង ក្រុមការងារ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែល កំពុងទទួលរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ចំនួន១.១២០ គ្រួសារ ក្នុងឃុំទាំង៧ នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម ឧកញ៉ា បណ្ឌិត បាននាំពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្ដេចតែងតែគិតគូរ និងបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយសម្តេចទាំង២ ពិតជាមានការសោកស្តាយ ចំពោះការខូចខាតស្រែចំការសត្វចិញ្ចឹម និងទ្រព្យសម្បត្តិនានា របស់បងប្អូនប្រជាពលរដ្ឋដោយសារគ្រោះទឹកជំនន់នេះ។
ឯកឧត្តម ឧកញ៉ា បណ្ឌិត ក៏បានផ្តាំផ្ញើសួរសុខទុក្ខផងដែរ ពីសំណាក់ នាយ ឧត្ត មសេនីយ៍ កិត្តិ បណ្ឌិត ហ៊ីង ប៊ុន ហៀង នាយក រង ខុទ្ទកាល័យ សម្តេច តេជោ ហ៊ុន សែន និង ជា ប្រធាន ក្រុម ការ ងារ រាជ រដ្ឋាភិបាល ចុះ មូល ដ្ឋាន ស្រុក កណ្តាល ស្ទឹង។ ឯកឧត្តមបណ្ឌិតឧកញ៉ា ទ្រីភាព បានមានប្រសាសន៍ថា នេះគឺជាការគិតគូររបស់ប្រមុខដឹកនាំប្រទេស ដែលតែងតែផ្សារភ្ជាប់នូវសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាក់ស្ដែងដូចជាប៉ុន្មានថ្ងៃកន្លងមកនេះ សម្តេចតេជោបានអញ្ជើញចុះទៅដោយផ្ទាល់ទៅកាន់ខេត្តបន្ទាយមានជ័យ ៣ទៅ៤ ជាប់ៗគ្នា ដើម្បីស្វែងយល់ និងដឹងសុខទុក្ខដល់បងប្អូនដែលកំពុងរងគ្រោះដោយទឹកជំនន់ ហើយក៏បានផ្ដល់អំណោយជួយសង្គ្រោះជាបន្តបន្ទាប់ផងដែរ។
ឯកឧត្តមបណ្ឌិតឧកញ៉ាបន្តថា អំណោយនេះ គឺសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋដោះស្រាយជីវភាពភ្លាមៗ ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ តែអ្វីដែលសំខាន់គឺត្រូវស្តារជីវភាពគ្រួសារឡើងវិញ ដោយខិតខំបង្កបង្កើនផល និងចិញ្ចឹមសត្វក្រោយពេលទឹកស្រកវិញ។ រាជរដ្ឋាភិបាលបានត្រៀមគ្រាប់ពូជ អ្នកបច្ចេកទេស ផ្នែកកសិកម្ម សម្រាប់ចែកជូន និងណែនាំដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ សម្រាប់បង្កបង្កើនផលក្រោយពេលទឹកស្រកផងដែរ។
អំណោយចែកជូនប្រជាពលរដ្ឋចំនួន ១.១២០គ្រួសារ ក្នុង១ គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ,ទឹកបរិសុទ្ធ ១យួរ, ភួយ១, ក្រម៉ា១ និងថវិកា ៤០.០០០ ម៉ឺនរៀល។
-ឧបត្ថម្ភសាលាស្រុក៖ ៤.០០០.០០០រៀល
-ឧបត្ថម្ភឃុំទាំង ៧ (១ឃុំទទួលបានៈ ១.០០០.០០០រៀល) ស្មើ ៧.០០០.០០០រៀល
-ឧបត្ថម្ភសឹករង៖ ៣០០.០០០រៀល
-ឧបត្ថម្ភប៉ូលីសស្រុក៖ ១.០០០.០០០រៀល
-ឧបត្ថម្ភកងរាជអាវុធហត្ថស្រុក៖ ៥០០.០០០រៀល
-ឧបត្ថម្ភប្រជាការពារ៖ ៣០០.០០០រៀល
-ឧបត្ថម្ភយុវជនគណៈបក្ស៖ (២០នាក់/១នាក់ទទួលបានៈ ៥០.០០០រៀល) ស្មើ ១.០០០.០០០រៀល
-ឧបត្ថម្ភយុវជនកាកបាទក្រហម៖ (២០នាក់/១នាក់ទទួលបានៈ ៤០.០០០រៀល) ស្មើ ៨០០.០០០រៀល , សរុបថវិការអស់ប្រមាណ
២៥៤ ០០០ ០០០ ឬ៦៣៥០០ ដុល្លារ ។
បន្ទាប់ពីចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១១២០ គ្រួសាររួចហើយនោះ ឯកឧត្តមបណ្ឌិតឧកញ៉ាទ្រីភាព ក៏បានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងភូមិសាស្រ្តនៅឃុំត្បែង ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ជាពិសេសពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយសារទឹកជំនន់ ដូចជាផ្លូវ ប្រឡាយទឹក សាលារៀនជាដើម ដែលមានការខូចខាតដោយជំនន់ទឹកភ្លៀង ដែលទាំងអស់នេ ទាមទាអោយមានការជួសជុលស្ថាបនាឡើងវិញនាពេលឆាប់ខាងមុខនេះផងដែរ៕