(ភ្នំពេញ)៖ រឿង «សិស្សប្អូនសំណព្វចិត្ត.!» បានរៀបចំពិធីបើកសម្ពោធ យ៉ាងគគ្រឹកគគ្រេង បញ្ចាំងជាផ្លូវការ កាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដែលជាវណ្ណកម្មវីមួយទៀតរបស់ផលិតកម្ម រ៉ក់ ខណៈក្នុងផ្ទៃរឿងទាំងមូលបង្ហាញពីភាពកំប្លុកកំប្លែកប្លែកៗ ជាពិសេសចរឹតក្រម៉ិចក្រម៉ើម របស់អ្នកនាង សុខ សោម៉ាវត្តី ជាតួឯកស្រី និងលោក យឹម ណារ៉ា ជាតួឯកប្រុស នឹងធ្វើឲ្យអ្នកទស្សនាជក់ចិត្តមិនខាន។
ពិធីបើកសម្ពោធជាផ្លូវការនេះ ត្រូវបានធ្វើឡើង ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក យឹម សុសត្យា ប្រធានគ្រប់គ្រងក្នុងផលិតកម្ម រ៉ក់ ,លោក សៅ សុខនី ប្រធានចាត់ការទូទៅ រោងភាពយន្ត ផ្លាទីនៀម ,ផលិតករ និងតារាសម្ដែងជាច្រើននាក់។
លោក យឹម សុសត្យា ប្រធានគ្រប់គ្រងក្នុងផលិតកម្ម រ៉ក់ បានថ្លែងថា «រឿងស្នេហាបែបមនោសញ្ចេតនា ចាប់ផ្តើមលេចឡើងក្នុងទីផ្សារខ្មែរ សន្ទុះរឿងខ្មែរចាប់ផ្តើម រីកចម្រើនឡើងគួរឲ្យកត់សំគាល់ ក្នុងពេលបច្ចុប្បន្នយើងសង្កេតឃើញ មានរឿងខ្មែរចាក់នៅតាមរោងកុន មិនដាច់ពី១ខែទៅ១ខែ ហើយសន្ទុះនៃការគាំទ្រ របស់ទស្សនិកជន ក៏កាន់តែច្រើនឡើងៗ បើប្រៀបទៅនឹងប៉ុន្មានឆ្នាំមុន»។
លោក យឹម សុសត្យា បន្ថែមទៀតថា «បន្ទាប់ពីបានផ្តល់ជូន នូវចំណងដៃថ្មីរួចមក គឺ រឿង «មុនពេលដួលរលំ ឬ Before the Fall» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក នៅក្នុងដើមឆ្នាំ ២០១៦ ផលិតកម្មរ៉ក់ បានបញ្ចេញនូវវណ្ណកម្មថ្មីមួយទៀតហើយ គឺរឿង "សិស្សប្អូនសំណព្វចិត្ត" យើងព្យាយាមផលិត នូវភាពយន្តដែលមានរសជាតិប្លែកៗ និងថ្មីស្រឡាង ដើម្បីបំពេញទៅតាមតំរូវការ ទស្សនារបស់ទស្សនិកជន។ ក្រឡេកមកមើលផលិតកម្ម រ៉ក់ ដែលជាផលិតកម្ម ជើងចាស់មួយ ឈរនៅក្នុងស្រុកអស់រយៈ ពេលជិត ១០ឆ្នាំ ហើយលើវិស័យភាពយន្តខ្មែរ ដោយផលិតកម្ម នឹងខិតខំស្វែងរកនូវអ្វីដែលថ្មីនិងប្លែក ទោះបីមានការលំបាកខ្លះក៏ដោយ..»។
កញ្ញា ស៊ា រស្មី ជាអ្នកនិពន្ធរឿង សិស្សប្អូនសំណព្វចិត្ត បានបកស្រាយថា «សិស្សប្អូនសំណព្វចិត្ត.!មាន សាច់រឿង បែបលក្ខណៈរ៉ូមែនទិច មនោសញ្ចេនា គួរឲ្យស្រឡាញ់ កំប្លុកកំប្លែង និងស៊ីអារម្មណ៍ បែបយុវវ័យរួមផ្សំ ជាមួយនឹងការសម្តែងបែបរឡិករឡក់ ពីតារាស្រីដ៏ស្រស់ស្អាត គឺអ្នកនាង សុខ សុម៉ាវត្តី និងកំលោះ សង្ហា លោក យឹមណារ៉ា ពិតជាធ្វើឲ្យអ្នកទស្សនា ទប់សំណើចមិនបាន។ ប្រសិនបើបានទស្សនាហើយ ប្រាកដជាមានអារម្មណ៏ក្តុកក្តួល ជាមួយនឹងឈុត Cute Cute ស៊ីអារម្មណ៍ជាក់ជាពុំខាន។ លើសពីនេះទៀត ទស្សនិកជន នឹង បានសើចសប្បាយហ៊ាទឹកមាត់ពីការសម្តែង ប្លែកៗរបស់តារាសម្តែងកំប្លុកកំប្លែង ជាច្រើនដួងដូចជា នាយតេឡេ នាយគ្រឿន នាយចឹម DJ ពាង DJ BIG នាយត្បាល់ និងបងតុ»។
កញ្ញាបន្តថា «ខ្សែភាពយន្តរឿង សិស្សប្អូនសំណព្វចិត្ត នេះបានបញ្ចូលនូវអត្តន័យ ដែលជួយលើកកម្ពស់ដល់នារីខ្មែរថែមទៀតផង។ ចង់ដឹងកាន់តែច្បាស់ ជាមួយនឹងអត្ថន័យសាច់រឿងយ៉ាងណា ក៏ដូចជាចង់ដឹងថាអារម្មណ៍មាន Crush ជាអារម្មណ៍បែបណា? និងបើចង់ដឹងថា ធ្វើយ៉ាងម៉េចទើបញ៉ែ Crush បានសម្រេច? សូមចូលរួមទស្សនា រឿង សិស្សប្អូនសំណព្វចិត្ត នេះទាំងអស់គ្នា..!»។
សូមបញ្ជាក់ថា ពិធីសម្ពោធរឿង «សិស្សប្អូនសំណព្វចិត្ត.!» មានការសហការពីសំណាក់ក្រុមហ៊ុន ជាច្រើនដូចជា ទឹកផ្លែឈើ Freeze ផ្សារទំនើបសូរិយា ក្រុមហ៊ុនគ្រឿងសំអាង Nature Republic ក្រុមហ៊ុន Hot and Cold ក្រុមហ៊ុន BMW និងក្រុមហ៊ុន Akasa ក្នុងនោះកម្មវិធីមានការកម្សាន្តសប្បាយៗដូចជា ការដើរម៉ូត ការរាំចង្វាក់ថ្មីៗ ការច្រៀង ការលេងហ្គេម ហើយអ្វីដែលកាន់តែពិសេសនោះ គឺភ្ញៀវទាំងអស់ មានឱកាសឈ្នះរង្វាន់ ព្រមទាំង បានថតរូបអនុស្សារីយ៍ និងពិសារភោជនីអាហារទៀតផង៕