(កំពង់ចាម)៖ អំណោយរបស់លោក ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តកំពង់ចាម តាមរយៈអាជ្ញាធរខេត្តកំពង់ចាម បានចែកជូនដល់ប្រជាពលរដ្ឋ ចំនួន៣៧៨គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលកន្លងទៅថ្មីៗនេះ។
ពិធីនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅមុខសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក រិន វីរ: សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនថ្នាក់កណ្ដាល តំណាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំជាច្រើននាក់ទៀត។
ក្នុងឱកាសនោះ លោក រិន វីរៈ បានផ្ដាំផ្ញើសួរសុខទុក្ខទុកប្រជាពលរដ្ឋពីសំណាក់លោក ហ៊ុន ម៉ាណែត និងបានផ្ដល់ជាអំណោយមកចែកជូនប្រជាពលរដ្ឋនៅពេលេនះ។ លោកបន្តថា បន្ទាប់ពីមានបញ្ហាជំនន់ទឹកភ្លៀងភ្លាម អភិបាលខេត្តកំពង់ចាម បានធ្វើលិខិតស្នើទៅលោក ហ៊ុន ម៉ាណែត ដើម្បីសុំការផ្ដល់ជំនួយយកមកជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់នៃចំនួនទឹកភ្លៀងនេះ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋលោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត លោកសូមចូលរួមសោកស្ដាយ និងចូលរួមរំលែកនូវផលលំបាកទាំងឡាយ ដែលប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ។
លោកអភិបាលខេត្តបន្ដថា ឆ្នាំ២០២០នេះ ខុសពីឆ្នាំមុនៗ ដោយសារនៅដើមរដូវវស្សា ទឹកទន្លេមេគង្គមិនឡើង ហើយភ្លៀងក៏មិនសូវមាន ដែលបង្កការរាំងស្ងួត ធ្វើឲ្យខូចខាតដំណាំកសិកម្មប្រជាពលរដ្ឋមួយចំនួន។ ប៉ុន្តែនៅពេលចាប់ផ្ដើមចេញវស្សា បែរជាទទួលរងនូវទឹកភ្លៀងយ៉ាងកំហុក ដែលធ្វើឲ្យប៉ះពាល់ដល់ ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ដែលដាំស្រូវពង្រោះបណ្ដេញទឹកប៉ុន្តែទិន្នន័យ នៃការខូចខាតមិនទាន់ដឹងនៅឡើយទេ ដោយសារទឹកភ្លៀងនៅកើនឡើងបន្តបន្ទាប់ទៀត ក្នុងនោះមានទឹកភ្លៀងនៅក្នុងតំបន់ និងទឹកភ្លៀងដែលហូរ ចេញពីតំបន់បឹងទន្លេសាប។
លោកបានឲ្យដឹងថា ជំនន់ទឹកភ្លៀងនេះផងដែរ បានជន់លិចតាមដងផ្លូវ និងហូរចូលផ្ទះប្រជាពលរដ្ឋមួយចំនួន នៅក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម ដែលមិនទាន់មានប្រព័ន្ធលូច្បាស់លាស់។ ទន្ទឹមនឹងនោះ ខាងអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធក៏បានចុះពិនិត្យ និងមានវិធានការបន្ទាន់ដើម្បីកាយបើកមុខទឹក បង្ហូររំដោះទឹកកុំឲ្យលិចយូរដែលបង្កការរំខានដល់ប្រជាពលរដ្ឋ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា អាជ្ញាធរខេត្តបានដាក់ផែនការស្ដារឡើងវិញ ដោយជំរុញឲ្យស្ថាប័នមន្ទីរចំនួន៤ មានដូចជា មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលជាបន្ទាន់ នៃផ្លូវជាតិដែលរងការខូចខាត។ ចំណែកមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវចុះពិនិត្យមើល និងជួសជុលឡើងវិញ នូវផ្លូវលំទាំងឡាយ នៅក្នុងសមត្ថកិច្ចរបស់ខ្លួន, មន្ទីរធនធានទឹក ត្រូវចុះពិនិត្យមើលផ្នែកទំនប់ ព្រមទាំងទ្វារទឹកទាំងឡាយ ដែលរងការខូចខាត ដោយសារទឹកឡើងគំហុក ក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ ខណៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបូកសរុបផែនការផ្ដល់ជូននូវពូជស្រូវ ពូជដំណាំ ដែលបានរងការខូចខាត៕