(សៀមរាប)៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ក្នុងក្របខណ្ឌអាជ្ញាធរមីន។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពបើករបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងមានការអញ្ជើញចូលរួមពីលោក ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរមីន ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក អាជ្ញាធរមីន ថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) តំណាងអង្គការ UNDP និងគម្រោង DFID-NPA ផងដែរ។
លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីបុគ្គលិកអាជ្ញាធរមីន និងលទ្ធផលដែលអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន សម្រេចបាននាពេលកន្លងមក ក្នុងការដឹកនាំ និងរុញច្រានការងារវិស័យសកម្មភាពមីន ឲ្យទទួលបាននូវកេរ្តិ៍ឈ្មោះល្អទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងបានថ្លែងនូវអំណរគុណបណ្តាប្រទេសជាមិត្ត ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកា ដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ជូនចំពោះវីរភាពដ៏អស្ចារ្យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលសម្តេច គឺជាស្ថាបនិក ជាមគ្គុទេសក៍ឯក និងជាប្រតិបត្តិករ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល ចាប់តាំងពីការប្រយុទ្ធប្រឆាំង ទប់ស្កាត់ចលនាមិនឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពល វិលមកវិញ ការស្វែងរកសុខសន្តិភាពដោយខ្មែរនិងខ្មែរខ្លួនឯង តាមរយៈកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយ នៃជំលោះកម្ពុជា (កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១) ជាពិសេសការបញ្ចប់សង្រ្គាមទាំងស្រុងនៅលើទឹកដីកម្ពុជា ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ នៅចុងឆ្នាំ១៩៩៨។
លោកបន្តទៀតថា ជាមួយនឹងលទ្ធផល នៃសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការងារបោសសម្អាតមីន ជាផ្នែកមួយយ៉ាងសំខាន់ចូលរួមដល់កិច្ចគាំពារសន្តិភាព។
បន្ថែមលើសមិទ្ធផល ដ៏ត្រចះត្រចង់លើវិស័យមីននៅកម្ពុជា និងដើម្បីអនុវត្តន៍នូវសេចក្តីថ្លែងការជាចក្ខុវិស័យ និងសេចក្តីថ្លែងការបេសកកម្មសម្រាប់វិស័យមីននៅកម្ពុជា ឲ្យទទួលបាននូវជោគជ័យបន្ថែមទៀត ក្នុងនាមសម្តេចតេជោប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានណែនាំគោលការណ៍ចំនួន១០ចំណុច នៃការងារចំពោះមុខជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក អាជ្ញាធរមីនទាំងអស់ដូចខាងក្រោម៖
*ទី១៖ បន្តអនុវត្តឲ្យបាននូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ឈានទៅសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងសម្រេចនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាព ឈានឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន ឆ្នាំ២០២៥។
*ទី២៖ បន្តស្វែងរកការគាំទ្រ និងកិច្ចសហការជាមួយអង្គការ GICHD អង្គការ NPA ក៏ដូចជាអ្នកពាក់ព័ន្ធដ៏ទៃទៀតដើម្បីធានាឲ្យប្រព័ន្ធទិន្នន័យមីន មានលក្ខណៈពេញលេញ ឆ្លើយតបទៅនឹង តម្រូវការប្រើប្រាស់ និងការវិភាគនានា និងត្រូវរៀបចំសេចក្តីណែនាំដល់ប្រតិបត្តិករ ដោយបញ្ជាក់អំពីតម្រូវការចាំបាច់នូវការបញ្ជូនទិន្នន័យឲ្យទាន់ពេលវេលា និងធានាបាននូវគុណភាព នៃទិន្នន័យទាំងនោះ។
*ទី៣៖ បន្តជំរុញ និងលើកកម្ពស់នូវការងារបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន ក៏ដូចជា កិច្ចការងារជួយសង្គ្រោះជនពិការដោយសារមីន ឲ្យបានខ្លាំងក្លាបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។
*ទី៤៖ ត្រូវរៀបចំផែនការសកម្មភាពវិស័យមីន រយៈពេល៣ឆ្នាំ ២០២១-២០២៣ ក៏ដូចជាសេចក្តីណែនាំស្តីពីភូមិអស់ការគម្រាបដោយសារមីន ដើម្បីជម្រុញការអនុវត្តផែនការយុទ្ធសាស្រ្ត ជាតិវិស័យសកម្មភាពមីន ២០១៨-២០២៥ បានសម្រេចជោគជ័យដូចការរំពឹងទុក។
*ទី៥៖ ត្រូវបន្តខិតខំរិះរកវិធីសាស្រ្ត បន្ថែមកម្លាំងអ្នកដោះមីនមនុស្សធម៌។
*ទី៦៖ ត្រូវស្វែងរកកិច្ចសហការបន្ថែមទៀតជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីដោះស្រាយការងារបោសសម្អាតមីនតាមព្រំដែនអោយបានឆាប់រហ័ស។
*ទី៧៖ ត្រូវស្វែងរកការគាំទ្រទាំងថវិកា និងបច្ចេកទេសពីម្ចាស់ជំនួយនានា ដើម្បីអនុវត្តឲ្យបានជោគជ័យលើគម្រោងផ្ទៀងផ្ទាត់ទិន្នន័យ និងការស្រាវជ្រាវឡើងវិញ។
*ទី៨៖ ត្រូវជំរុញការបង្កើតបណ្ណាល័យនៅអាជ្ញាធរមីនឲ្យបានឆាប់រួចរាល់ ដើម្បីដាក់ឲ្យមន្ត្រី បុគ្គលិកបានសិក្សា និងទទួលបានចំណេះដឹងទូលំទូលាយបន្ថែមទៀត លើវិស័យសកម្មភាពមីន។
*ទី៩៖ ត្រូវរៀបចំឲ្យមានជាសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាល ដើម្បីផ្តល់ភាពងាយស្រួលដល់ការបំពេញការងារប្រចាំថ្ងៃ។
*ទី១០៖ ត្រូវតម្រង់ទិសក្នុងការបំពេញការងារតាមនាយកដ្ឋាន និងតាមផ្នែកនីមួយៗ ដើម្បីធានាបាននូវលំហូការងារប្រកបទៅដោយតម្លាភាព និងប្រសិទ្ធភាព។
នាថ្ងៃស្អែកនេះ អង្គសិក្ខាសាលាទាំងមូល នឹងចូលរួមនូវការកសាងកម្លាំងសាមគ្គីជាក្រុម គឺការប្រាស្រ័យទាក់ទងគ្នាឲ្យកាន់តែមានភាពជិតស្និទ្ធ តាមរយៈដំណើរកម្សាន្តរួមគ្នាញាំអាហារសាមគ្គី ជជែកពិភាក្សាពីបញ្ហាក្នុងការរស់នៅ បញ្ហាសង្គម និងបញ្ហាទូទៅ ឈានទៅស្វែងយល់ចិត្តគំនិតគ្នាបន្ថែមទៀតក្រោយពីនឿយហត់ក្នុងការបំពេញការងារយៈពេល១០ខែកន្លងមក៕