(ព្រៃវែង)៖ នារសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ម៉ី លីហួត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រុមការងារបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យស្ថានភាពទឹក ការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត និងបញ្ជាឲ្យបើកទ្វារទឹក ដើម្បីបញ្ចូលទឹកទៅបណ្តាអាងតាមតំបន់ទំនាបនានាក្នុងខេត្តព្រៃវែង ដើម្បីរក្សាទឹកទុកប្រើប្រាស់នាពេលខាងមុខ។
ក្នុងដំណើបេសកកម្មនេះ លោករដ្ឋមន្រ្តី និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យការងារជួសជុលបន្ទាន់នូវសំណង់ទ្វារទឹក នៃប្រព័ន្ធធារាសាស្រ្តស្ទឹងជោរ ស្ថិតក្នុងឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលរងការខូតខាតរបើកទ្វារទឹកដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ដោយបានចាប់ផ្តើមធ្វើការជួសជុលភ្លាមៗ បន្ទាប់ពីទទួលបទបញ្ជាផ្ទាល់ពីរដ្ឋមន្រ្តី ដើម្បីធ្វើការបិតទ្វារទឹកជាបណ្តោះអាសន្នរក្សាទឹកទុក សម្រាប់ផ្តត់ផ្គង់ដល់ការស្រោចស្រពស្រូវវស្សាចំនួន ២.០០០ហិតា និងដំណាំរួមផ្សំបន្ថែមទៀតនាពេលខាងមុខ។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក៏បានណែនាំបន្ថែមដល់នាយកដ្ឋានជំនាញ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ត្រូវចាត់បន្តជួសជុល និងកែលម្អបន្ថែមពេលទឹកសម្រក ដើម្បីនិរន្តរភាពនៃការប្រើប្រាស់សំណង់អាងទឹកនេះ។
សូមជម្រាបជូនថា ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានជំនាញ និងមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តារាជធានី-ខេត្ត ដែលរងផលប៉ះដោយជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ បានបន្ត និងកំពុងអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ និងអនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយធ្វើយ៉ាងណា ឆាប់រួសរាន់ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដែលខូតខាតដោយទឹកជំនន់ ដើម្បីទប់រក្សាទុកទឹកប្រើប្រាស់ប្រចាំថ្ងៃ និងការងារបង្កបង្កើនផលពេលទឹកសម្រកវិញ។
បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តនូវវិធីសាស្រ្ត២យ៉ាងរួមមាន៖
* ទី១៖ អន្តរាគមន៍ខ្ចប់ទឹកទុកឲ្យខានតែបាន
* ទី២៖ បន្តជួសជុលពង្រឹងកែលំអរឲ្យបានល្អប្រសើរ តាមលក្ខណៈបច្ចេកទេស និងលទ្ធភាពទៅតាមស្ថានភាពជាក់ស្តែងនៃទីតាំងនីមួយៗ ដើម្បីពង្រឹងគុណភាពសំណង់ និងស្តុករក្សារទឹកឲ្យបានច្រើនជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាពហុប្រយោជន៍បានយូរអង្វែង៕