(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងរំលឹកទៅលោកស្រី Pauline Tamasis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាថា មានកងទ័ពមួកខៀវកម្ពុជា ជាង៧ពាន់នាក់ កំពុងថែរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
លោកប្រមុខការទូតកម្ពុជា រំលឹកបែបនេះក្នុងសន្និសីទជាន់ខ្ពស់ស្តីពី «អនាគតដែលយើងចង់បាន តួនាទីនៃពហុភាគីនិយមក្នុងពិភពលោកក្រោយកូវីដ-១៩» ដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស។
លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាហាក់ដូចជាមិនយុត្តិធម៌ចំពោះកងកម្លាំងមួកខៀវដ៏ក្លាហានរបស់យើងឡើយ ប្រសិនបើខ្ញុំមិនបានលើកឡើង ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងក្របខណ្ឌថែរក្សាសន្តិភាពពហុភាគី របស់អង្គការសហប្រជាជាតិ (អ.ស.ប) នោះ។ ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពចំនួន ៧.១២៣ នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់ អ.ស.ប នៅក្នុងប្រទេសចំនួន៩ ដែលហែកហួរដោយសង្គ្រាម ហើយភាគច្រើនគឺនៅក្នុងទ្វីបអាហ្វ្រិក»។
លោកបន្តថា «លោកស្រី Pauline Tamasis ជាទីរាប់អាន! ខ្ញុំជឿជាក់ថាលោកស្រីបានដឹងហើយថា ស្ត្រីកម្ពុជាជាង ៤០០នាក់ (៤១៩នាក់) បាននិងកំពុងចូលរួមនៅក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប. ។ ស្ត្រីរក្សាសន្តិភាពរបស់យើង បានបម្រើការជាបុគ្គលិកពេទ្យនិងសន្តិសុខ ជាវិស្វករ ស៉ីវិល និងជាអ្នកជំនាញបោសសម្អាតមីន»។
បើតាមលោក ប្រាក់ សុខុន, កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៧ ក្នុងចំណោម១២០ប្រទេស ដែលបញ្ជូនស្ត្រីច្រើនទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.បនេះ។ កម្ពុជាបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន បើនិយាយពីចំនួនចូលរួមរបស់ស្ត្រី។
លោកថ្លែងទៀតថា គោលនយោបាយការបរទេសរបស់កម្ពុជា ត្រូវបានទ្រទ្រង់យ៉ាងរឹងមាំពីស្មារតីដ៏មុះមុតនៃពហុភាគី និយម។ នៅក្នុងសុន្ទរកថា របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ក្នុងកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹកខួបលើកទី៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងកាលពីខែកញ្ញាកន្លងមក សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «កម្ពុជាទទួលស្គាល់តួនាទីស្នូល នៃពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមសកលដ៏ស្មុគស្មាញ ដែលយើងកំពុងប្រឈមមុខសព្វថ្ងៃ។ បញ្ហា ប្រឈមរបស់យើង មានភាពពាក់ព័ន្ធគ្នា និងអាចដោះស្រាយបានតែតាមរយៈការធ្វើឱ្យសកម្មឡើងវិញនៃពហុភាគីនិយម»។
លោក ប្រាក់ សុខុន បន្ថែមថា កាលពីជិត ២ ឆ្នាំមុន គឺនៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប (ASEM13) ដែលគួរតែត្រូវរៀបចំក្នុងឆ្នាំនេះ សម្តេចតេជោ ចង់រួមចំណែកក្នុងមធ្យោបាយច្បាស់លាស់បំផុតតាមតែអាចធ្វើបាន នូវការប្តេជ្ញាចិត្តរបស់កម្ពុជាដើម្បី បន្តជម្រុញពហុភាគីនិយម។ ឈរក្នុងលេខរៀងទី២ ធំបន្ទាប់ពីអង្គការសហប្រជាជាតិ ASEM គឺជាប្លុកដ៏ធំបំផុតមួយសម្រាប់ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាសកល និងតំបន់ និងការគំរាមកំហែងឆ្លងដែន និងមិនមែនប្រពៃណី ជាច្រើនផ្សេងទៀត៕