(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ នៅស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានជំនួបពិភាក្សាការបង្កើតបណ្ណាល័យឌីជីថល ប្រឆាំងគ្រឿងញៀន សម្រាប់ពង្រីកការងារផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនឱ្យបានកាន់តែទូលំទូលាយតាមប្រព័ន្ធបច្ចេកវិទ្យា។
ការជួបពិភាក្សាគ្នាដើម្បីការងារនេះ បានធ្វើឡើងក្រោមវត្តមានលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក លី ជីញហ្វឹង តំណាងលោកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។
ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងក្រោយជំនួបនោះថា សារបាន នៃការបង្កើតបណ្ណាល័យឌីជីថល ប្រឆាំងគ្រឿងញៀន គឺកើតឡើងក្នុងជំនួបរវាងថ្នាក់ដឹកនាំចិនជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លង ហើយថ្នាក់ដឹកនាំក៏បានឯកភាព ជួយផ្តល់ការគាំទ្រដល់ការបង្កើតបណ្ណាល័យឌីជីថល ដ៏មានសារសំខាន់នេះ ដែលទឹកប្រាក់ប្រមាណជា ៥ម៉ឺនដុល្លារ។
លោកស្រីបណ្ឌិត សឿ សុជាតា ក្នុងនាមលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់មិត្តដែកថែបចិន ដែលតែងតែផ្តល់នូវការគាំទ្រដល់កម្ពុជាលើគ្រប់ វិស័យជារៀងរហូតមក ហើយការផ្តល់នូវការគាំទ្រដល់ការបង្កើតបណ្ណាល័យឌីជីថលប្រឆាំងគ្រឿងញៀនដល់កម្ពុជានាពេលនេះ ពិតជាបានបង្ហាញនូវការគាំទ្រ និងយកចិត្តទុកដាក់ដល់ ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជនកម្ពុជាឱ្យបានយល់ដឹងកាន់តែច្បាស់ និងចូលរួមកាន់តែសកម្មបន្ថែមទៀត ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ចុងបញ្ចប់ នៃជំនួបភាគីទាំងពីរឯកភាពបន្តការងារបច្ចេកទេស ដើម្បីបង្កើតបណ្ណាល័យឌីជីថល ប្រឆាំងគ្រឿងញៀនឱ្យដំណើរការទៅបានដោយជោគជ័យ តាមការចង់បានរបស់ថ្នាក់ដឹកនាំប្រទេសយើងទាំងពីរកម្ពុជា-ចិន៕