(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណលោកជំទាវឧកញ៉ា លីម ឈីវហួរ អគ្គនាយិកាក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ ព្រមទាំងសហការី ដែលបានឧបត្ថម្ភ ទឹកបរិសុទ្ធណាវី ចំនួន ៥,០០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងទឹកភ្លៀង។
លោកអភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវឧកញ៉ា លីម ឈីវហួរ និងសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមឧបត្ថម្ភ ជាសម្ភារប្រើប្រាស់ ជាគ្រឿងឧបភោគបរិភោគ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បានទាន់ពេលវេលា។
លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងដូច្នេះថា៖ «ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមឈាម ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុងរងគ្រោះដោយសារទឹកជំនន់ និងទឹកភ្លៀង។ សមានចិត្តរបស់លោកជំទាវឧកញ៉ា នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់»។
ជាមួយគ្នានេះ លោកអភិបាលក៏បានសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅជួយដល់ដៃប្រជាពលរដ្ឋរងគ្រោះ ហើយបើនៅសេសសល់នឹងយកទៅជួយ ដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋានដោយមិនធ្វើអោយម្ចាស់អំណោយខកបំណងឡើយ៕