(ភ្នំពេញ)៖ បើទោះបីផ្ទះសម្បែង និងទ្រព្យសម្បត្តិមួយចំនួន ត្រូវបានបំផ្លាញដោយជំនន់ស្ទឹងព្រែកត្នោតក៏ពិតមែន ប្រជាពលរដ្ឋនៅតំបន់លិចលង់ ក្នុងភូមិសាស្ដ្រខណ្ឌដង្កោ រាជធានីភ្នំពេញ នៅតែមានអារម្មណ៍ថា កក់ក្ដៅក្រោយទទួលបានជួយសង្គ្រោះ យ៉ាងយកចិត្តទុកដាក់ពីសំណាក់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងបទសម្ភាសន៍ខ្លីមួយ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងមានសមត្ថកិច្ច ពិសេសរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ និងមើលថែពួកគាត់ នៅពេលជួបការលំបាក ដោយមិនខ្វះខាតស្បៀងអាហារបន្ដិចណាឡើយ។ ពួកគាត់ថា ជិត២០ថ្ងៃហើយ ដែលត្រូវបានទឹកលិចលង់ ហើយពួកគាត់នៅតែឃើញកម្លាំងសង្គ្រោះបន្ដមានវត្តមាន នៅកន្លែងរងគ្រោះដដែល។
អង្គុយលើកទូកដែលបញ្ជាចង្កួតដោយកងកម្លាំង ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោ បាននាំគ្នាលើកឡើងថា បើទោះបីពេលខ្លះពួកគាត់ត្រូវរង់ចាំយូរ ទើបមានទូកមកដឹកជញ្ជូនក៏ពិតមែន ប៉ុន្ដែពួកគាត់មិនអាក់អន់ចិត្តអ្វីឡើយ ព្រោះគាត់មើលឃើញថា មានមនុស្សជាច្រើនដែលត្រូវជួយសង្គ្រោះជាបន្ដបន្ទាប់ នៅកន្លែងលិចលង់។
ជាការពិតនៅកន្លែងជួយសង្គ្រោះ ត្រូវបានផ្ដល់អាទិភាពខ្ពស់ដល់ស្ដ្រីមានផ្ទៃពោះ, ចាស់ជរា, ជនពិការ, កុមារតូច និងអ្នកមានជំងឺជាដើម ដែលត្រូវសង្គ្រោះមុនគេ។ ដូច្នេះហើយប្រជាពលរដ្ឋផ្សេងទៀត ដែលមានកម្លាំងមាំមួន គឺត្រូវសង្គ្រោះជាបន្ដបន្ទាប់ ពោលក្រោយជម្លៀសអ្នកមានអាទិភាពទៅមុន។ កត្តានេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋផ្សេងទៀត ត្រូវរង់ចាំ។
ប៉ុន្ដែអ្វីដែលជាសារធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានភាពកក់ក្ដៅទៀតនោះ នៅពេលសួរទៅកងសង្គ្រោះថា «បងហត់ទេ បងហូបបាយឬនៅ?» ហើយកងទ័ពឆ្លើយថា «ទោះហត់ ទោះមិនទាន់ហូបបាយ សំខាន់គឺការជួយសង្គ្រោះប្រជាពលរដ្ឋជាមុនសិន»។ ដូច្នេះហើយបើទោះបីត្រូវរង់ចាំ ក៏មិនថ្វីឡើយ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានសម្ដែងនូវការយល់ឃើញថា អ្វីដែលពួកគាត់ជួបការលំបាកនៅពេលនេះ គឺបណ្ដាលមកពីគ្រោះធម្ម ជាតិសុទ្ធសាត មិនមែននរណាម្នាក់បង្កើតឡើងឡើយ៕