(កំពង់ឆ្នាំង)៖ ដំណាំដំឡូងជ្វាគឺជាដំណាំមួយប្រភេទ ដែលប្រជាកសិករនៅតាមទីជនបទនិយម និងចូលចិត្តដាំសម្រាប់យកមើមរបស់វាមកទទួលទានក្នុងក្រុមគ្រួសារផង និងសម្រាប់យកទៅលក់បន្តផងដែរ ហើយដំណាំដំឡូងជ្វានេះដែរ ងាយស្រួលក្នុងការដាំដុះដោយមិនពិបាកក្នុងការថែទាំនោះឡើយ។
ប្រជាកសិកររស់នៅក្នុងឃុំមួយចំនួន ក្នុងស្រុករលាប្អៀរ ខេត្តកំពងឆ្នាំង់ បានប្រកបមុខរបរដាំ ដំណាំដំឡូងជ្វា ធ្វើជាមុខរបរយ៉ាងសំខាន់ សម្រាប់លក់ដូរដោះស្រាយជីវភាពគ្រួសាររបស់ពួកគាត់ ក្រៅពីមុខរបរធ្វើស្រែចំការ។
ស្ត្រីម្នាក់រស់នៅក្នុងភូមិត្បែង ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ដែលមានមុខរបរដាំដំឡូងជ្វាលក់ដែរនោះ បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឲ្យដឹងថា មុខរបរដាំដំឡូងជ្វាលក់ គឺគាត់បានប្រកបមុខរបរនេះជាយូរឆ្នាំមកហើយ នៅក្នុងភូមិរបស់គាត់ ក៏ដូចជាអ្នកភូមិក្បែរៗភូមិរបស់គាត់ជាច្រើនភូមិទៀត ដែលបានប្រកបមុខរបរដាំដំឡូងជ្វាលក់នេះផងដែរ ឱ្យតែគេមានដីចំការលើដែលសល់ទំនេរអាចដាំបាន គឺគេដាំគ្រប់ៗគ្នា។
ដំណាំដំឡូងជ្វានេះ ក៏មិនពិបាកដាំនិងពិបាកថែទាំដែរ។ ឯរបៀបដាំដំឡូងជ្វានេះវិញ ដំបូងឡើយគេភ្ជួរដីលើករង បន្ទាប់មកគេប្រើជីធម្មជាតិលាយជាមួយនឹងជីអ៊ុយរ៉េ យកទៅរាយតាមរង ហើយភ្ជួរលុប បន្ទាប់មកយកដៃដំឡូងដែលគេកាត់ខ្លីៗប្រវែង ពី២តឹកកន្លះ ទៅ៣ តឹកមកដាំពីលើរង នៅពេលដើមដំឡូងដុះបានកម្ពស់២ តឹក ទៅ៣តឹក គេត្រូវភ្ជួរលុបរងទាំងសងខាងមួយសារទៀត ទើបដើមដំឡូងលូតលាស់ល្អ និងមិនសូវមានស្មៅដុះ។ ដំឡូងជ្វា គឺដាំមានរយៈពេល ៣ខែទើបល្មមគាស់យកមើម ហើយក្នុងមួយឆ្នាំគេអាចដាំបាន ២ដងផងដែរ។
បងស្រីបានបន្តថា តម្លៃដំឡូងជ្វាវិញសព្វថ្ងៃគឺបានតម្លៃថ្លៃគួរសម និងមានហាងឆេងល្អ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដោយឆ្នាំនេះមើមដំឡូងប្រភេទលេខ១(មើមធំ) បានថ្លៃក្នុងមួយគីឡូក្រាមពី ១០០០រៀល ទៅមួយពាន់ ១០០១រៀល ប្រភេទលេខ២ (មើមម្យម) ថ្លៃក្នុងមួយគីឡូក្រាម ៦០០រៀល មើមប្រភេទលេខ៣ (មើមតូចល្អិត) បានថ្លៃក្នុងមួយគីឡូក្រាម ៣០០រៀល ហើយមានឈ្មួញមកថ្លឹងទិញដល់ចម្ការមិនពិបាកដឹកយកទៅលក់នៅទីផ្សារនោះទេ។ ដំឡូងជ្វានេះគឺមានពូជ២ប្រភេទ ពូជដំឡូងការ៉ុត និងពូជដំឡូងទឹកដោះគោ ដំឡូងការ៉ុតមានពណ៌ក្រហម និងដំឡូងទឹកដោះគោពណ៌ស។
បងស្រីឲ្យដឹងទៀតថា ការចំណាយដើមទុនដាំដំឡូងជ្វានេះ មិនសូវចំណាយដើមអស់ច្រើននោះទេ គឺគ្រាន់តែចំណាយទិញដើមពូជ និងទិញជីគីមីយកមកលាយជាមួយនឹងជីកំប៉ុស្ត រីឯការដាំ និងគាស់ដំឡូងវិញ ក៏មិនពិបាកជួលកម្មករនោះដែរ ដោយបានយកដៃគ្នា ជាមួយអ្នកដែលដាំដំឡូងដូចគ្នានៅក្នុងភូមិ ដោយជូយគ្នាម្តងម្នាក់តែប៉ុណ្ណោះ៕