(ភ្នំពេញ)៖ យើងខ្ញុំគឺជាក្រុមអតីតអ្នកការទូតដែលបានចូលនិវត្តន៍ និងអ្នកការទូតដែលកំពុងបំពេញតួនាទីបច្ចុប្បន្នរបស់កម្ពុជា។ យើងខ្ញុំសរសេរលិខិតចំហនេះ ក្នុងនាមជាពលរដ្ឋកម្ពុជា និងពលរដ្ឋអាស៊ាន ដែលមានការឈឺចិត្តទៅនឹងអត្ថបទរបស់ លោក Bilahari Kausikan ដែលបានចុះផ្សាយនៅលើគេហទំព័រ Mothership នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២០។ នៅពេលបានអានអំពីសាវតារបស់អ្នកនិពន្ធដែលមានប្រវត្តិការងារយូរអង្វែងក្នុងនាមជាអ្នកការទូត យើងបានរំពឹងថា នឹងទទួលបានអត្ថបទដែលមានខ្លឹមសារស៊ីជម្រៅ ប៉ុន្តែ យើងបែរជាឃើញអត្ថបទដែលត្រឹមតែចង់ទាក់ទាញការចាប់អារម្មណ៍ គ្មានសង្គតិភាព និងមិនស៊ីសង្វាក់គ្នាលើចំណុចជាច្រើន។

អ្វីដែលយើងយល់ថា គួរឱ្យជិនឆ្អន់គឺភាពក្រអឺតក្រទម និងឆ្មើងឆ្មៃរបស់គាត់ មិនមែនតែចំពោះប្រទេសកម្ពុជា និងឡាវប៉ុណ្ណោះទេ ប៉ុន្តែ ចំពោះថ្នាក់ដឹកនាំអាស៊ាននាពេលបច្ចុប្បន្ននេះទៀត ដែលជាឥរិយាបទមួយដែលមិនអាចទទួលយកបាន ក្នុងនាមជាអតីតអ្នកការទូតម្នាក់។ ពេញមួយអត្ថបទរបស់គាត់ គាត់បានធ្វើការអះអាងដែលខុសឆ្គង និងចន្លោះប្រហោង ដែលជាការបំភាន់បញ្ញា និងធ្វើឱ្យអន្តរាយដល់វិធាននៅក្នុងតំបន់ ជាពិសេសអាស៊ាន។ យើងមានអារម្មណ៍ថា គាត់ហាក់ដូចជាកំពុងសម្តែងចេញនូវអារម្មណ៍នឹកស្រណោះដល់កាលដែលគាត់មានភាពថ្កុំថ្កើង និងស្រែកយំចង់ទាញចំណាប់អារម្មណ៍ ដោយសារខ្លាចគេភ្លេចគាត់។
យើងត្រឡប់មកនិយាយរឿងខ្លឹមសារវិញម្តង។ ទីមួយ វាជាការមិនសមហេតុផល និងគ្រោះថ្នាក់ក្នុងការអះអាងថា «អាស៊ានអាចនឹងកាត់ប្រទេសកម្ពុជា និងឡាវចេញ ប្រសិនបើពួកគេធ្វើការជ្រើសរើសខុស»

នេះមិនមែនជាលើកទីមួយទេដែល «អ្នកចម្បាំងចចក» របស់សិង្ហបុរីរូបនេះបានស្នើឱ្យបណ្តេញប្រទេស កម្ពុជា និងឡាវចេញពីអាស៊ាន។ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៦ គាត់បានសរសេរនៅលើហ្វេសប៊ុករបស់គាត់ថា «ខ្ញុំប៉ងថា យើងអាចបណ្តេញប្រទេសកម្ពុជាចេញ ប៉ុន្តែ យើងមិនអាចធ្វើបែបនេះបាន។ ដូច្នេះ អ្វីដែលល្អបន្ទាប់គឺរៀបចំការប្រជុំរដ្ឋមន្ត្រីការបរទេសពិសេស ហើយប្រើការប្រជុំនោះដើម្បីរៀបចំការវាយប្រហាររិះគន់ដល់ប្រទេសកម្ពុជា ធ្វើឱ្យកម្ពុជាទទួលយកសារនេះ និងលាឈប់។ ប្រសិនបើប្រទេសឡាវធ្វើតាម ខ្ញុំមិនយំស្រណោះទេ។ ប៉ុន្តែ ខ្ញុំសង្ស័យថា គ្មាននរណាមានសេចក្តីក្លាហាននឹងធ្វើរឿងនេះ»

វាជារឿងគួរឱ្យភ្ញាក់ផ្អើលដែលអតីតអ្នកការទូតម្នាក់នេះ បែរខ្នងចំពោះគោលការណ៍គ្រឹះដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានគេស្គាល់ជាទូទៅថាជា «មាគ៌ាអាស៊ាន» ឬមួយក៏គាត់ចាស់វង្វេង និងភ្លេចភ្លាំង។ «មាគ៌ាអាស៊ាន» បានដាក់ចេញនូវគោលការណ៍ណែនាំដើម្បីគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋនៅអាស៊ីអាគ្នេយ៍ និងពិភពលោក បូករួមទាំងគោលការណ៍គោរពគ្នាទៅវិញទៅមកចំពោះសមភាពអធិបតេយ្យ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា និងការសម្រេចចិត្តដោយយោងលើកុងសង់ស៊ីស (ការសម្រេចដោយឯកច្ឆ័ន្ទ)។ គោលការណ៍គ្រប់គ្រងនេះ បាននិងកំពុងបម្រើឱ្យអាស៊ានបានយ៉ាងល្អប្រសើរអស់រយៈពេល ៥ ទសវត្សរ៍ចុងក្រោយនេះ ទោះបីតំបន់នេះបានប្រឈមកាលៈទេសៈលំបាក ដែលពេលខ្លះមានភាពស្រួចស្រាល់ជាងពេលបច្ចុប្បន្ននេះទៀតក្តី។ វាជារឿងគ្រោះថ្នាក់ គ្មានការទទួលខុសត្រូវ ហើយប្រៀបបាននឹងការធ្វើអត្តឃាត ប្រសិនបើយើងលះបង់ចោលគោលការណ៍ទាំងនេះ ដោយហេតុផលដ៏សាមញ្ញ និងជាក់ច្បាស់ដែលថា សាមគ្គីភាព និង មជ្ឈភាពអាស៊ាននឹងត្រូវរង្គោះរង្គើដល់ឫសគល់។

លើសពីនេះទៅទៀត វាជារឿងមិនសមហេតុផល និងត្រឡប់ត្រឡិន ដែលលោក Bilahari ប្រកាសថា «យើងជាស្ថាប័នអន្តររដ្ឋ និងមិនមែនជាស្ថាប័នដែលនៅពីលើជាតិ» ប៉ុន្តែ បែរជាគាត់ជំរុញគោលគំនិតថា រដ្ឋសមាជិកអាស៊ានមួយចំនួនគួរតែត្រូវបានបណ្តេញចេញពីស្ថាប័នតំបន់នេះទៅវិញ។ គាត់ហាក់ដូចជាភ្លេច ឬធ្វើពុតជាភ្លេចថា អាស៊ានមិនដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើតសិទ្ធិអំណាចលើសពីថ្នាក់ជាតិនោះទេ នៅក្នុងការកំណត់ទិសដៅសេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋជាសមាជិក។
ភាពត្រឡប់ត្រឡិនរបស់ Bilahari កាន់តែធ្ងន់ធ្ងរលើចំណុចមួយចំនួនទៀត។ គាត់អះអាងថា រដ្ឋទាំងឡាយត្រូវតែស្វែងរកផលប្រយោជន៍ជាតិរបស់ខ្លួន។ ជាការពិត ផលប្រយោជន៍ជាតិរបស់កម្ពុជាដែលត្រូវបានកំណត់ដោយថ្នាក់ដឹកនាំដែលបានជាប់ឆ្នោត គឺដើម្បីការពារអធិបតេយ្យជាតិ ធានាការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម និងបង្កើតគោលនយោបាយការបរទេសដែលឆ្លើយតបនឹងតម្រូវការជាតិរបស់ខ្លួន និងស្របតាមតម្រូវការតំបន់របស់អាស៊ាន និងតួអង្គតំបន់ផ្សេងទៀត។ នៅពេលដែលគាត់អះអាងថាការទម្លាក់កម្ពុជានិងឡាវគឺដើម្បីរក្សាការពារសមាជិក ៨ ផ្សេងទៀត នោះបានន័យថា គាត់គឺជាមនុស្សខ្ជិលខាងបញ្ញាស្មារតីដោយសន្មត់ថា ប្រទេសប្រាំបីគឺជាតំណាងកុងសង់ស៊ីសរបស់តំបន់។ ប៉ុន្តែ តើវាជាកុងសង់ស៊ីសតំបន់ដែរឬយ៉ាងណានៅពេលដែលគ្មានកម្ពុជា និងឡាវ?កុងសង់ស៊ីសបែបនេះជាកុងសង់ស៊ីសទន់ជ្រាយ ហើយដូចដែលគាត់លើកហើយថា ប្រទេសទាំង៨ ក៏ត្រូវយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ជាតិរបស់ខ្លួនដែរ ហើយផលប្រយោជន៍ទាំងនោះមិនអាចដូចគ្នាទាំងស្រុងនោះឡើយ។ ការពិតគឺនៅត្រង់ថា សមាជិកអាស៊ានទាំងអស់កំពុងតែមានការប្រុងប្រយ័ត្ន ចំពោះការប្រកួតប្រជែងរបស់មហាអំណាចដែលកំពុងកើតមាននៅក្នុងតំបន់។ នៅក្នុងកុងសង់ស៊ីសទន់ជ្រាយបែបនេះ កម្ពុជាក៏មានជំហររបស់ខ្លួនដែរ នោះគឺជាការព្យាយាមការពារអធិបតេយ្យជាតិរបស់ខ្លួន ពោលគឺការការពារសិទ្ធិស្វ័យសម្រេចនៅលើ វិស័យមួយចំនួន។

យើងក៏ចាំបាច់ត្រូវលើកផងដែរថា វិទ្យាស្ថាន ISEAS-Yusof Ishak គឺជាវេទិកាសំខាន់មួយសម្រាប់អ្នកប្រយុទ្ធចចកមួយចំនួន ដើម្បីជំរុញការនិទានបំភ្លៃថា ប្រទេសកម្ពុជាគឺជារដ្ឋចំណុះរបស់ចិន។ វិទ្យាស្ថាននេះតែងតែរៀបចំព្រឹត្តិការណ៍ និងសរសេរអត្ថបទដើម្បីវាយប្រហារប្រទេសកម្ពុជា។ ថ្មីៗនេះ នៅចុងខែកញ្ញា ឆ្នាំ ២០២០ នៅពេលមន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក) អះអាងថា ទីក្រុងប៉េកាំងទំនងជាបានពិចារណាអំពីទីតាំងសម្រាប់ដឹកជញ្ជូនភ័ស្តុភារយោធានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៥ លោក Ian Storey ដែលជាសមាជិកជាន់ខ្ពស់ម្នាក់នៅវិទ្យាស្ថាននេះ បានទាញសេចក្តីសន្និដ្ឋានសាមញ្ញមួយថា «ឆន្ទៈ [ធ្វើជាម្ចាស់ផ្ទះ ផ្តល់ជាមូលដ្ឋានយោធាចិន] ហាក់ដូចជាមិនសូវមានទេ លើកលែងតែក្នុងករណីកម្ពុជា» ។ នេះគ្មានអ្វីក្រៅពីការវាយប្រហារដែលមានការរៀបចំ ដោយអ្វីដែលគេហៅថា វិទ្យាស្ថានស្រាវជ្រាវឯករាជ្យ ដើម្បីជំរុញ «ទ្រឹស្តីអាយ៉ង» ចំពោះកម្ពុជា។

ប៉ុន្តែ តើអ្វីខ្លះជាលក្ខណៈវិនិច្ឆ័យ «អាយ៉ង»? តើពាក្យចចាមអារាមគ្មានមូលដ្ឋានដែលថាប្រទេសកម្ពុជាអាចធ្វើជាមូលដ្ឋានទ័ពចិន គឺជាលក្ខខណ្ឌកំណត់របស់ «អាយ៉ង» ឬ? គួរឱ្យហួសចិត្តដែល «អ្នកចម្បាំងចចក» និងវិទ្យាស្ថានស្រាវជ្រាវទាំងនោះ បែរជាព្រងើយកន្តើយទៅនឹងតថភាពជាក់ស្តែង ដែលប្រទេសមួយចំនួន បូករួមទាំងសិង្ហបូរីដែរនោះបានផ្តល់សិទ្ធិដាក់មូលដ្ឋានទ័ព ឬសិទ្ធិជួលមូលដ្ឋានទ័ព ទៅឱ្យប្រទេសមានអំណាចនៅខាងក្រៅតំបន់ជាយូរណាស់មកហើយ។ និយាយបែបនេះមិនមែនបានន័យថា យើងមិនគោរពសិង្ហបូរីដែលជារដ្ឋអធិបតេយ្យនោះទេ ប៉ុន្តែ យើងគ្រាន់តែលើកដើម្បីពន្យល់បកស្រាយ។ សំណួរគឺនៅត្រង់ថា (១) តើប្រទេសទាំងនោះគឺជាអាយ៉ាង? (២) តើសម្ព័ន្ធមិត្តទាំងអស់របស់អាមេរិកនៅក្នុងតំបន់គឺសុទ្ធតែជាអាយ៉ង? និង (៣) បើប្រៀបធៀបពាក្យចចាមអារាមដែលថា កម្ពុជាអាចនឹងផ្តល់ទីតាំងកំពង់ផែទៅឱ្យបរទេស ជាមួយនឹងការផ្តល់សិទ្ធិនៅក្នុងមូលដ្ឋានទ័ពរបស់សិង្ហបូរីចំពោះប្រទេសមានអំណាចផ្សេងទៀត តើមួយណាទៅដែលជាកត្តាបង្កអស្ថិរភាព និងធ្វើឱ្យខូចខាតទំនុកចិត្តជាយុទ្ធសាស្ត្រនៅក្នុងតំបន់? ចំណុចសំខាន់គឺនៅត្រង់ថា នៅពេលដែលអ្នកចង្អុលមុខអ្នកដទៃ អ្នកគួរតែមើលខ្លួនឯងផង ព្រោះថា ម្រាមផ្សេងទៀតគឺកំពុងចង្អុលមកលើខ្លួនឯង។

លោក Bilahari និងវិទ្យាស្ថាន ISEAS-Yusof Ishak គួរតែឈប់តាំងខ្លួនជាអ្នកមានភាពផ្តាច់មុខនៃចំណេះដឹង និងបញ្ញាញាណ។ ប្រទេសផ្សេងទៀតនៅអាស៊ាន បូករួមទាំងកម្ពុជាផងនោះ ក៏មានវិទ្យាស្ថានស្រាវជ្រាវដែលមានអតីតអ្នកការទូតចូលរួមដែរ ប៉ុន្តែ យើងមិនលាក់ពុតត្បុតជ្រកក្រោម «រនាំង» ឯករាជ្យដើម្បីជេរប្រមាថសមាជិកអាស៊ាន ហើយធ្វើឱ្យអន្តរាយដល់សាមគ្គីភាព និងមជ្ឈភាពអាស៊ាននោះទេ។ បើនិយាយពីតួអង្គភ្នាក់ងារ ដែលជាចំណុចសំខាន់របស់អត្ថបទលោក Bilahari យើងក៏ឆ្ងល់ដែរថា តើគាត់ និងវិទ្យាស្ថាន ISEAS-Yusof Ishak គឺជា «ភ្នាក់ងារ» របស់នរណា?

គំនិតដែលថា «កម្ពុជានិងឡាវមានទំនោរឃ្លីងឃ្លោង ងាកទៅរកកំហុសដូចគ្នា ដែលនាំឱ្យមានលទ្ធផលគួរឱ្យខ្លោចផ្សារបំផុត សម្រាប់ប្រទេសរបស់ពួកគេនៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០» គឺជាការនិយាយដែលមិនអាចយល់បាន ហើយជាការប្រមាថតែម្តង។
យើងខ្ញុំសូមទុកជូនប្រទេសឡាវ បញ្ជាក់ដោយខ្លួនឯងអំពីការប្តេជ្ញាចិត្តរក្សាអព្យាក្រឹតភាពរបស់ខ្លួនចុះ។ សម្រាប់ប្រទេសកម្ពុជា អព្យាក្រឹតភាព និងការមិនចូលបក្សសម្ព័ន្ធ គឺនៅតែជាគោលការណ៍គ្រឹះនៃគោលនយោបាយការបរទេស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ប្រទេសកម្ពុជា មិនដែលចាត់ទុកការប្រកាន់យកអព្យាក្រឹតភាព និងការមិនចូលជាបក្សសម្ព័ន្ធ ជាការលេងសើចនោះទេ ពីព្រោះប្រវត្តិសាស្រ្តកម្ពុជា តែងតែរំលឹកឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈដឹងយ៉ាងច្បាស់ថា ការបោះបង់ចោលគោលការណ៍ទាំងនេះ ជាពិសេសដោយរបប លន់ នល់ នៅឆ្នាំ១៩៧០ បានបណ្តាលឱ្យប្រទេសកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល និងអំពើឃោរឃៅបំផុតនៃសតវត្សរ៍ទី២០ ។

អ្វីដែលគួរឱ្យហួសចិត្តនោះគឺ ខណៈពេលដែលលោក Bilahari បក្សពួករបស់ខ្លួន និងវិទ្យាស្ថានស្រាវជ្រាវឯករាជ្យ កំពុងប្រៀនប្រដៅប្រទេសកម្ពុជាឱ្យរក្សា «អព្យាក្រឹតភាពពិតប្រាកដ» មួយ ពួកគេបែរជាបានជំរុញដោយឥតអៀនខ្មាស់ ឱ្យមានការចូលរួមកាន់តែសកម្មពីសំណាក់មហាអំណាចខាងក្រៅ នៅក្នុងអនុតំបន់មេគង្គ ក្រោមលេសថា «ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន»។ ពួកគេក៏បានអំពាវនាវដល់ប្រទេសនៅតាមដងទន្លេមេគង្គឱ្យចូលរួមក្នុងប្លុកប្រឆាំងនឹងចិនផងដែរ។ តើនេះគឺជាការអំពាវនាវឱ្យមានអព្យាក្រឹតភាពនៃតំបន់មេគង្គដែរមែនទេ? ឬក៏ជាការប៉ុនប៉ងធ្វើឱ្យតំបន់មេគង្គក្លាយទៅជាសមរភូមិប្រយុទ្ធរបស់ប្រទេសមហាអំណាចម្តងទៀត?

ប្រទេសកម្ពុជា រួមជាមួយបណ្តាប្រទេសមេគង្គ មិនមានបំណងចង់កាន់ជើងប្រទេសណាមួយទេ។ យើងគ្រាន់តែចង់រស់នៅក្នុងសុខសន្តិភាព និងស្ថិរភាព ដែលអាចធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមរបស់យើងតែប៉ុណ្ណោះ។ យើងគ្រាន់តែចង់ចូលរួមប្រកបដោយការស្ថាបនា ក្នុងដំណើរការកសាងសហគមន៍អាស៊ាន។ សូមកុំឱ្យយើងខ្ញុំជាប់ជំពាក់ក្នុងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច។ សូមបញ្ឈប់ផ្នត់គំនិតបែបឈ្នះចាញ់ដាច់ខាតបែបនេះ ដែលបានបង្កឱ្យមានសោកនាដកម្មរាប់មិនអស់រួចទៅហើយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

សរុបសេចក្ដីមក យើងពិតជាមិនជឿថា មានប្រទេសណាមួយនៅក្នុងអាស៊ាន រួមទាំងសមាជិកដែលមាន «កិត្តិយស» ទាំង ៨ ដែលបាននិយាយអំពីការទម្លាក់ចោលប្រទេសកម្ពុជា និងឡាវនោះទេ។ ផ្ទុយមកវិញ ដូចដែលយើងបានឃើញជាក់ស្តែង នៅក្នុងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ សមាជិកអាស៊ានទាំង១០ កំពុងខិតខំប្រឹងប្រែងទ្វេដង ដើម្បីបន្តគោលការណ៍នៃការឯកភាពនៅក្នុងភាពចម្រុះ ដែលជាគោលនយោបាយចម្រុះ ដែលសមស្របតាមផលប្រយោជន៍ជាតិរបស់សមាជិកម្នាក់ៗ និងសមស្របតាមការឯកភាពលើគោលការណ៍ដែលត្រូវបានចែងក្នុងឯកសារ និងគោលនយោបាយផ្សេងៗរបស់អាស៊ាន។

ការប្រឈមនៅក្នុងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច មិនមែនជាបទពិសោធន៍ថ្មីទេសម្រាប់អាស៊ាននោះទេ ដូចដែលលោក Bilahari បានទទួលស្គាល់ផងដែរ ប៉ុន្តែ អ្នកការទូតពិតប្រាកដ មិនថា អ្នកការទូតអតីត ឬអ្នកការទូតបច្ចុប្បន្ន គួរតែប្រើភាពឆ្លាតវៃ ជំនាញ ព្រមទាំងបទពិសោធន៍ និងគតិបណ្ឌិតជាច្រើនទសវត្សរ៍របស់ខ្លួនដើម្បីពន្លត់ភ្លើង។ ហើយដើម្បីពន្លត់ភ្លើង យើងត្រូវប្រើទឹក មិនមែនប្រើប្រេងទេ។ ក្នុងនាមជាអ្នកគាំទ្រដ៏ក្លៀវក្លារបស់អាស៊ាន យើងជឿជាក់ថា លោក Bilahari គួរតែចូលនិវត្តន៍ឱ្យពិតប្រាកដទៅ។ បើគាត់មានការអាឡោះអាល័យពីអតីតកាលរបស់គាត់ គាត់គួរតែងាកទៅអង្គុយច្រៀងបទកំសត់ៗ (តាមបទភ្លេង «Blues») ហើយគយគន់មើលព្រះអាទិត្យអស្តង្គតល្អជាង។ អាស៊ានត្រូវការសំលេងថ្មីប្រកបដោយទំនុកចិត្ត មិនមែនសំលេងនៃការទាស់ទែងគ្នាទេ៕

រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០
ពីអតីតអ្នកការទូតកម្ពុជា