(ឧត្តរមានជ័យ)៖ បុរសម្នាក់យកដំបងជ្រុងវាយឪពុកបង្កើតរបស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះខឹងឪពុកមិនធ្វើម្ហូបឲ្យហូប។ ហេតុការន៍នេះ កើតឡើងនៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
នគរបាលស្រុកបន្ទាយអំពិល បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះថា ក្រោមការបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្ត ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញចាប់ខ្លួន ក្រោយបង្កអំពើហិង្សានេះផងដែរ។
ជនដៃដល់ឈ្មោះ ធៀន ផល អាយុ៣៣ឆ្នាំ ចំណែកជនរងគ្រោះ ជាឪពុកបង្កើតឈ្មោះ ដុក ធៀន អាយុ៦៨ឆ្នាំ រស់នៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
មូលហេតុដែលនាំកើតអំពើហិង្សានេះ គឺជនសង្ស័យខឹងឪពុកមិនធ្វើម្ហូបឲ្យហូប ទើបយកដំបងឈើជ្រុង វាយបណ្ដាលឲ្យរងរបួសបែកចញ្ចើម៣កន្លែង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់៕