(ភ្នំពេញ)៖ ស្ដ្រីជនជាតិចិនម្នាក់ ដែលដើរស្រែកយំប្រាប់អ្នកសារព័ត៌មានថា ខ្លួនត្រូវបានចោរឆក់កាបូប គឺជាព័ត៌មានមិនពិត ព្រោះសាមីខ្លួនប្រឌិតរឿងឡើង ដើម្បីបានលុយត្រឡប់ទៅប្រទេសចិនវិញ។ នេះបើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ មានការចុះផ្សាយតាមបណ្ដាញព័ត៌មានមួយចំនួន ដែលស្ដ្រីជនជាតិចិននេះ បានអះអាងថាខ្លួនត្រូវបានចោរឆក់កាបូប ប៉ុន្ដែជាក់ស្តែងមិនមានករណីឆក់កើតឡើងដូចស្ត្រីចិនរូបនេះឡើយ។
បន្ទាប់ពីធ្វើការសហការស្រាវជ្រាវ រវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ការិយាល័យអនុវត្តនីតិវិធី នៃផែនការងារ អន្តោប្រវេសន៍ ជាមួយនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចរកឃើញ ស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNYAN ហើយនាំយកមកធ្វើការសាកសួរ និងបំភ្លឺចំពោះករណីដែលគាត់បានលើកឡើងថា មានករណីចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រោយពីធ្វើការសាកសួរស្ត្រីរូបនេះបានសារភាពថា មិនមានករណីឆក់កើតឡើងមកលើរូបគាត់នោះទេ ដោយសារតែគាត់ចង់បានលុយ ដើម្បីត្រឡប់ទៅប្រទេសចិនវិញ ទើបប្រឌិតរឿងនេះឡើង។
ម្យ៉ាងវិញទៀត ដោយមានការសង្ស័យថា ស្ត្រីរូបនេះប្រើប្រាស់សារធាតុញៀន មន្ត្រីជំនាញបានធ្វើតេស្តស្ត្រីជនជាតិចិនរូបនេះ ជាលទ្ធផលបានបង្ហាញថា គាត់ពិតជាបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន។
ពេលនេះសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខ នៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារ បញ្ជូនទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំ ត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា។
ដើម្បីចូលរួមសហការទប់ស្កាត់ព័ត៌មានមិនពិត មុននឹងធ្វើការចុះផ្សាយទាក់ទងទៅនឹងករណីអ្វីមួយ ដែលមិនមានប្រភពច្បាស់លាស់ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីកុំឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសការចុះផ្សាយព័ត៌មានមិនពិតមួយចំនួន អាចក្នុងគោលបំណងអាក្រក់ ដើម្បីបំពុលបរិយាកាសសង្គមផងដែរ៕