(ភ្នំពេញ)៖ កងអនុសេនាធំរាជអាវុធហត្ថលេខ៨៦១ ចំនួន៧៣នាក់ ក្នុងនោះមាននារី១២នាក់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដងខាងត្បូង ដោយជោគជ័យ និងបាននាំកិត្យានុភាពជូនជាតិកម្ពុជា។
ពិធីទទួលកងអនុសេនាធំរាជអាវុធហត្ថលេខ៨៦១ ត្រូវបានធ្វើឡើងក្រោមវត្តមានឧត្តមសេនីយ៍ឯក អោក សៀង អគ្គនាយករងមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។
គួរជម្រាបថា កងអនុសេនាធំរាជអាវុធហត្ថលេខ៨៦១ ត្រូវបានជំនួសដោយកងរាជអាវុធហត្ថលេខ១៨៦ ចំនួន៧៣នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសស៊ូដង់ខាងត្បូង នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។
បន្ថែមពីនេះ ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមកងរាជអាវុធហត្ថទាំង ៧៣នាក់ ត្រូវមន្ត្រីក្រសួងសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ក តាមវិធាន សុខាភិបាលរយៈពេល១៤ថ្ងៃ នៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក អោក សៀង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជូនដល់កងអនុសេនាធំរាជអាវុធហត្ថលេខ៨៦១ ដែលទើបបញ្ចប់បេសកកម្មស្វែងរកសន្តិភាព នៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រោម ដែលបានលះបង់គ្រប់បែបយ៉ា ដើម្បីលើកស្ទួយកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិជាដើម។
បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា ការបញ្ជូនកងរាជអាវុធហត្ថទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលនេះ គឺដើម្បីស្វែងរកជំងឺកូវីដ-១៩ បើទោះបីជាកងទ័ពរបស់យើង បានធ្វើតេស្តនៅប្រទេសដែលកំពុងបេសកកម្មរកមិនឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ក៏ដោយ ដែលចំណុចទាំងនេះគឺជាយកចិត្តទុកដាក់យ៉ាងធំធេងពីសុខភាពពីសំណាក់ថ្នាក់ដឹកនាំ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៧,១២៣នាក់ ក្នុងនោះមានស្រ្តីចំនួនជិត៤០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។
រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឱ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕