(ភ្នំពេញ)៖ ក្រុមការងារចំណាកស្រុកខេត្តព្រៃវែង នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងរៀបចំកសាងបណ្តាញទំនាក់ទំនងផ្សាភ្ជាប់ជាមួយកម្មករ ពលករចំណាកស្រុក ដែលរហូតមកទល់ពេលនេះ នៅទូទាំងខេត្តព្រៃវែង មានចំនួនប្រមាណ៣០ម៉ឺននាក់។
កន្លងមកទោះស្ថិតក្នុងស្ថានភាពត្រូវប្រឈមទល់នឹងជំងឺកូវីដ១៩ក៏ដោយ ក៏ក្រុមការងារតែងបានខិតខំពុះពារជួបប្រាស្រ័យជាប្រចាំជាមួយពលករចំណាកស្រុក តាមរយៈការចុះជួបសួរសុខទុក្ខដោយផ្ទាល់ និងការជួបជុំប្រមូលផ្តុំជាក្រុមតូចៗ និងការជួបសំណេះសំណាល ក្នុងឱកាសឈប់សម្រាប់ ពេលបុណ្យសំខាន់ៗ ជាអាទិ៍ ពេលឈប់សម្រាកជំនួសបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា និងក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា។
ជារួមកន្លងមកនេះ ក្រុមការងារចំណាកស្រុក ដោយមានកិច្ចសហការពីក្រុមការងារដទៃទៀត និងគណបក្សស្រុក ក្រុង ឃុំ សង្កាត់ បានចាត់ចែងរៀបចំឲ្យមានកម្មវិធី ប្រាស្រ័យផ្សាភ្ជាប់សុខទុក្ខជាមួយកម្មករ ពលករចំណាកស្រុក ដោយបានជួបសំណេះសំណាលជាមួយ អ្នកចំណាកស្រុកសរុបចំនួន ៧២,៥២៥នាក់ ក្នុងនោះស្រី្តចំនួន៤៤,៣៦១នាក់ និងចំណាយថវិកាអស់៦១២,៣៦៩,២០០រៀល។
ចំពោះកម្មករពលករចំណាកស្រុក ដែលបាត់បង់ការងារ ហើយបានវិលត្រឡប់មករស់នៅមូលដ្ឋានភូមិ ឃុំ វិញ ក្រុមការងារនៅមូលដ្ឋានខិតខំរក្សា ការប្រាស្រ័យទាក់ទងជាប្រចាំ ដើម្បីលើកទឹកចិត្ត និងជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនទាំងអស់នោះ។
នៅក្នុងឱកាសនោះ ក្រុមការងារក៏បានដាក់ផែនការបន្តរៀបចំកម្មវិធី ជួបសំណេះសំណាលជាមួយកម្មករពលករចំណាកស្រុក ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដោយត្រូវខិតខំប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពសុខាភិបាល៕