(ភ្នំពេញ)៖ នៅគ្រាដែលថ្ងៃឈប់សម្រាក ក្នុងឱកាសរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក កាន់តែខិតជិតមកដល់នោះ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរំលឹកឡើងវិញ នូវសេចក្តីណែនាំដល់ប្រជាពលរដ្ឋខ្មែរ ស្តីពីការបង្ការជំងឺកូវីដ១៩ ក្នុងករណីមានការរៀបចំពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមភូមិ-ឃុំ និងនៅទីវត្តអារ៉ាម។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលលើកឡ់ងថា ថ្វីត្បិតតែឆ្នាំ២០២០នេះ កម្ពុជាមិនមានប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញក៏ដោយ ក៏ប៉ុន្តែតាមការសង្កេតឃើញថា អាចមានក្រុមប្រជាពលរដ្ឋខ្លះ មានរៀបចំការប្រណាំងទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដោយក្រុមតូចៗរបស់គាត់នៅតាមភូមិ-ឃុំ និងនៅតាមទីវត្តអារ៉ាម ឬនៅតាមផ្ទះសម្បែង ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ពីអាជ្ញាធរមូលដ្ឋាន និងក្រុមអ្នករៀបចំពិធីនេះ ក្នុងការធានាមិនឱ្យមានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍យើង។

ក្រសួងសុខាភិបាលសូមរំលឹកជូនថា ស្ថានភាពនៃការចម្លងនៃវីរុសកូវីដ-១៩ នៅបណ្ដាប្រទេសលើសកលលោក និងនៅក្នុងតំបន់ មិនទាន់មានការធូរស្បើយនៅឡើយទេ ឯកំណើននៃការចម្លងវីរុសកូវីដ-១៩ និងការស្លាប់ដោយសារជំងឺនេះ ក៏នៅតែបន្តមាន ខ្ពស់នៅឡើយដែរ បើទោះបីជាប្រទេសកម្ពុជា មិនទាន់មានការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដោយ ក៏ហានិភ័យនៃការចម្លង វីរុសដ៏កាចសាហាវនេះនៅតែមាន ហើយការចម្លងអាចកើតមានឡើងគ្រប់ពេលវេលាគ្រប់កាលទេសៈ និងគ្រប់ទីកន្លែង។ ដូច្នេះក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងអំពាវនាវសាជាថ្មី ជូនដល់សាធារណជន ក្រសួងពាក់ព័ន្ធ អាជ្ញាធរ ថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍យើងដោយទាំងអស់គ្នា ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានធ្វើជារឿយៗ ។

ក្រសួងសុខាភិបាលបន្តថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ មានរៀបចំពិធីអបអរសាទរព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ក្រសួងសូមណែនាំដល់បងប្អូនប្រជាពលរដ្ឋ មិនត្រូវមានការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំឡើយ ហើយត្រូវចាត់ចែងរៀបចំការប្រណាំងទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ទៅតាមភូមិ-ឃុំ វត្តអារ៉ាម (មិនត្រូវធ្វើនៅថ្នាក់ខេត្តឡើយ ដែលបង្កឱ្យមានការប្រមូលផ្តុំគ្នាច្រើនពេក) ទៅតាមស្ថានភាពជាក់ស្តែង និងទីតាំងដែលអាចធ្វើបានតែប៉ុណ្ណោះ ដោយចាំបាច់ត្រូវធ្វើក្នុងទ្រង់ទ្រាយតូចៗ ដែលចំណុះទូកនីមួយៗ មិនឱ្យលើសពី១០នាក់ និងមិនឱ្យលើសពី៦ទូក ក្នុងមួយពិធីហើយមិនឱ្យលើសពី៦០នាក់ សម្រាប់អ្នកចូលទស្សនា ព្រមទាំងត្រូវឱ្យមានគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចមួយម៉ែត្រកន្លះ៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៖