(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកាកបាទក្រហមប្រចាំខេត្ត និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានចុះចែកអំណោយសប្បុរសធម៌ជាស្បៀង អាហារ ថ្នាំសង្កូវ និងរបស់ប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋ១៤០០គ្រួសារ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា Junior Chamber International Cambodia ហៅកាត់ថា JCI Cambodia បានរៀបចំគម្រោងមនុស្សធម៌មួយមានឈ្មោះថា «កញ្ចប់១ ក្តីស្រលាញ់១» ដែលបាន ប្រព្រឹត្តនៅក្នុងបរិវេណសាលាបឋមសិក្សាអំពែភ្នំ ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមរយ:គម្រោងមនុស្សធម៌នេះ JCI Cambodia បាននាំយកស្បៀងអាហារមួយចំនួន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ចំនួន ១៤០០គ្រួសារ ដែលមកពីស្រុកចំនួន៤ ដូចជា៖ ក្រុងច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
គួរជម្រាបថា កម្ពុជាបាននិងកំពុងប្រឈមជាមួយនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួន ដែលធ្វើឲ្យបងប្អួនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានបាត់បង់នូវជម្រក ដំណាំចម្ការ សត្វចិញ្ចឹម និងធនធានជាច្រើនទៀត បណ្តាលឲ្យខ្វះខាត នូវគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។
ដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹងភាពខ្វះខាត និងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយនូវផលលំបាកនេះ សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញ ដោយលោកឧកញ្ញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិ នៃ JCI Cambodia ឆ្នាំ២០២០ និងក្រោមការដឹកនាំដោយប្រធានគម្រោង លោក ឃឹម ប៊ុនឡែន ដែលបានកៀរគរជាជំនួយថវិកាសប្បុរស ធម៌ពីសំណាក់សមាជិកសមាជិកា សប្បុរសជនទាំងក្នុង-ក្រៅស្រុក បណ្តាដៃគូរពាក់ព័ន្ធ និងក្រុមហ៊ុននានា ដោយស្មារតីរួបរួមសាមគ្គីជាជនរួមជាតិខ្មែរ រួមសុខ រួមទុក្ខ ក្នុងស្ថានភាពនេះ យើងបានប្រមូល ឬកៀរគរនូវថវិកាបានចំនួនសរុបប្រមាណ៣៥,០០០ដុល្លារ សម្រាប់គម្រោងឧបត្ថម្ភសប្បុរសធម៌លើកទី១ នៅខេត្តកំពង់ស្ពឺនេះ ក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងរបស់លោក ឃឹម ប៊ុនឡែន ប្រធានគម្រោងមនុស្សធម៌ «កញ្ចប់១ ក្តីស្រលាញ់១» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។
ក្នុងកម្មវិធីចុះចែកអំណោយសប្បុសធម៌ជាស្បៀងដល់ប្រជាពលរដ្ឋ ១៤០០គ្រួសារនេះ ក៏មានការសហការគាំទ្រយ៉ាងសកម្មពីសំណាក់កងនគរបាលខេត្តស្រុក និងមានចូលរួមយ៉ាង សកម្មពីសំណាក់ក្រុមការងារកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ស្ពឺ ព្រមទាំងវត្តមានក្រុមការងារស្មគ្រចិត្ត យុវជនសកម្ម សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សិល្បករ សិល្បការិនី និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គឺជាអង្គការអន្តរជាតិមិនស្វែង រកប្រាក់ចំណញមួយដែលប្រមួលផ្តុំដោយពាណិជ្ជករវ័យក្មេងអាយុចាប់ពី ១៨ ឆ្នាំដល់អាយុ ៤០ ឆ្នាំ ដែលកំពុងស្ម័គ្រចិត្តចូលរួមអភិវឌ្ឍ និងបង្កើតនូវផលវិជ្ជមានជាច្រើននៅក្នុងសង្គម។
សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ បានកើនឡើងរហូតដល់ ៤៣នាក់។ ក្នុងនោះខេត្តបន្ទាយមានជ័យ មានរហូតដល់ទៅ ២៦នាក់។ យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា ខេត្តដែលមានពលរដ្ឋស្លាប់ដោយសារគ្រោះទឹកជំនន់នេះ រួមមាន៖ បន្ទាយមានជ័យ ២៦នាក់, ពោធិ៍សាត់ ៦នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់។
សូមបញ្ជាក់ថា ដើម្បីជាការចូលរួមរំលែកទុក្ខ និងដោះស្រាយការលំបាករបស់គ្រួសារសព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភគ្រួសារសព ក្នុងមួយសព ១០លានរៀល ហើយឧកញ៉ា ឡាវ ប៊ុនប៉ា ឧបត្ថម្ភ ៤លានរៀល។ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងផងដែរថា គ្រោះទឹកជំនន់នេះ បានបង្កផលប៉ះពាល់រាជធានី-ខេត្ត ចំនួន២០ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។ គ្រោះទឹកជំនន់នេះ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជិត ១៥ម៉ឺនគ្រួសារ ស្មើនឹងជិត ៦០ម៉ឺននាក់។ ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ស្មើនឹងជិត ៥ម៉ឺននាក់ ត្រូវបានជម្លៀស។
គ្រោះទឹកជំនន់នេះ ក៏បង្កឱ្យប៉ះពាល់ផ្ទះសម្បែងជាង ១៣ម៉ឺនខ្នង និងខូចខាត ៦៣ខ្នង, លិចសាលារៀន ៩៥១កន្លែង និងលិចវត្ត ៣០៧កន្លែង។ របាយការណ៍បន្ថែមថា ទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ៦១៧គីឡូម៉ែត្រ, លិចផ្លូវលំជនបទ ១,៦៨៥គីឡូម៉ែត្រ, ប៉ះពាល់ទំនប់ ៤៩គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយមេ ២៧០គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយរង ២៧១គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយស្រោចស្រព ១៤៦គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេជាង ២គីឡូម៉ែត្រ។ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងដែរថា គ្រោះទឹកជំនន់ បានជន់លិចស្រូវ ២៧២,២៦៣ហិកតា និងដំណាំរួមផ្សំ ៩៦,៩៤៥ហិកតា៕