(កណ្ដាល)៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ អំណោយរបស់សម្ដេចក្រុមព្រះនរោត្តមរណឬទ្ធិ ព្រះប្រធានគណបក្សហ៊ុនស៊ិនប៉ិច ត្រូវបានក្រុមការងារនាំយកមកចែកជូនពលរដ្ឋចំនួន ១៥០គ្រួសារ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង តាមរយៈព្រះអម្ចាស់នរោត្តមរតនាទេវី ជាបុត្រីរបស់សម្ដេចក្រុមព្រះនរោត្តមរណឬទ្ធិ។
ព្រះអម្ចាស់នរោត្តមរតនាទេវី តំណាងសម្ដេចក្រុមព្រះ និងម្ចាស់ក្សត្រីនរោត្តមម៉ារី បានមានបន្ទូលផ្ដាំផ្ញើសេចក្ដីនឹករលឹកយ៉ាងពីព្រះអង្គដែលជានិច្ចកាលតែងតែ គិតគូរបារម្ភពីសុខទុក្ខពីប្រជារាស្ត្រ កូនចៅរបស់ព្រះអង្គ ដ្បិតព្រះអង្គគង់នៅប្រទេសបារាំងដើម្បីព្យាបាលព្រះរោគ ប៉ុន្តែព្រះអង្គមិនដែលរំលងពីទុក្ខលំបាករបស់រាស្ត្រឡើយ ដោយចាត់ឲ្យកូនចៅរបស់ព្រះអង្គ ត្រូវចុះមកជួយដល់មូលដ្ឋានតែម្ដង។
ព្រះអម្ចាស់នរោត្តមរតនាទេវី បានមានបន្ទូលបន្តថា សូមបងប្អូនពលរដ្ឋត្រូវរក្សាអនាម័យឲ្យបានល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាឲ្យបានល្អនូវការអនុវត្តន៍តានវិធានការកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩ ទាំងអស់គ្នា។
ព្រះអម្ចាស់នរោត្តមរតនាទេវី បានបញ្ជាក់ទៀតថា ទីណាមានរាស្ត្រកើតទុក្ខលំបាក សម្ដេចក្រុមព្រះតែងតែបារម្ភគិតគូរជានិច្ចដោយមិនទុករាស្ត្រចោលឡើយ ពោលនឹងនៅតែបន្តចុះជួយជាបន្តបន្ទាប់៕