(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ សហការជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនសែនជ័យ បានចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមគ្នា៣នាក់ ដែលជាមុខសញ្ញាឆក់ កាបូបដ៏កក្រើកនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានសម្រេចជាងជិត១០ដង។
ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីម៉ោង៣រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖
*ទី១៖ ឈ្មោះ ប៊ុន ឈឿនពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបុរីពិភពថ្មីឈូកវ៉ា ភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ
*ទី២៖ ឈ្មោះ ហុន ប៊ុនខេង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា
*ទី៣៖ ឈ្មោះ អាសង់ ទីន ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (កំពុងរត់គេចខ្លួន)។
នគរបាលបានប្រាប់ថា កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្រុមចោរទាំងនេះ បានឆក់យកកាបូបពីស្រ្តីម្នាក់ នៅតាមផ្លូវរថភ្លើងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណៈដែលស្រ្តីរូបនោះ កំពុងជិះម៉ូតូ១គ្រឿងចេញពីទិញឥវ៉ាន់នៅផ្សារស៊ិនជូរីផ្លាហ្សាត្រឡប់ទៅផ្ទះ។
ពេលនោះបណ្ដាលឲ្យស្រ្តីរងគ្រោះដួលរងរបួសសន្លប់ស្ដូក និងត្រូវបានប្រជាពលរដ្ឋហៅរថយន្តពេទ្យដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកជនសង្ស័យបានយកកាបូប ដែលមានលុយចំនួន ១០០,០០០រៀល និងទូរស័ព្ទ១គ្រឿង និងអត្តសញ្ញាណបណ្ណ១សន្លឹក រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ស្រ្តីរងគ្រោះឈ្មោ គង់ សុខជា អាយុ៤៤ឆ្នាំ មុខរបរលក់លតឆា មានទីលំនៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍កាកាបទី២ និងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនសែនជ័យ បានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៥ ខែតុលា វេលាម៉ោង៣រសៀល ទើបប្រទះឃើញជនសង្ស័យឈ្មោះ ប៊ុន ឈឿនពិសិទ្ធ កំពុងបង្ហោះម៉ូតូតាមផ្លូវ ត្រូវកម្លាំងនគរបាលក៏បានដេញតាមចាប់ខ្លួនបាន។
បន្ទាប់មកនគរបាលបាននាំទៅសាកសួរនៅប៉ុស្តិ៍ លុះដល់ថ្ងៃទី២៦ ខែតុលា កម្លាំងបានបន្តស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ ហុន ប៊ុនខេង ចំណែកឈ្មោះ អាសង់ ទីន កំពុងរត់គេចខ្លួន។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីរងគ្រោះខាងលើនោះមែន ហើយកន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពឆក់កាបូប នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានសម្រេចជិត១០ដងផងដែរ។ ពេលនេះនគរបាលកំពុងបន្តការសួរនាំដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ហើយ៕