(ភ្នំពេញ)៖ យោងតាមរបាយការណ៍លទ្ធផងនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឃាត់ខ្លួនអ្នកបើកបរក្នុងស្ថានភាពស្រវឹងចំនួន ១៣នាក់ ក្នុងនោះមានអ្នកបើកបរម៉ូតូ ១២នាក់ និងអ្នកបើកបរថយន្តម្នាក់។

របាយការណ៍ដដែលបញ្ជាក់ទៀតថា ការត្រួតពិនិត្យយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ យានយន្តដែលបានធ្វើការត្រួតពិនិត្យទាំងអស់ មានចំនួ៩២៣គ្រឿង ក្នុងនោះម៉ូតូចំនួន៥៧៥គ្រឿង និង រថយន្ត៣៤៨គ្រឿង ដោយយានយន្តដែលត្រូវចេញប័ណ្ណពិន័យបទល្មើស សរុបចំនួន ២២២គ្រឿង ក្នុងនោះមានម៉ូតូ១៨៧គ្រឿង និងរថយន្ត៣៥គ្រឿង ហើយបានអប់រំអ្នកបើកបរ ដែលមានអត្រាជាតិស្រវឹង​ ក្រោម០,២៥មីលីក្រាម ចំនួន១៨នាក់ (ម៉ូតូចំនួន១៧នាក់ និងរថយន្តចំនួន១នាក់) និងផាកពិន័យអ្នកបើកបរដែលមានអត្រាជាតិស្រវឹង ចាប់ពី០,២៥ ដល់០,៣៩ មីលីក្រាម ចំនួន៨នាក់ (ម៉ូតូចំនួន៦នាក់ និងរថយន្តចំនួន២នាក់)។

របាយការណ៍បន្ថែមទៀតថា «ក្នុងការត្រួតពិនិត្យនោះដែរ សមត្ថកិច្ចបានឃាត់អ្នកបើកបរស្រវឹងចំនួន១៣នាក់ ក្នុងអ្នកបើកម៉ូតូចំនួន ១២នាក់ អត្រាជាតិអាល់កុលពី០,៤៧ ដល់១,០៥ MgL/ ខ្យល់ និងអ្នកបើកបររថយន្តចំនួនម្នាក់ អត្រាជាតិអាល់កុល ១,៣០ MgL/ ខ្យល់»។

គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេល១១លើក សមត្ថកិច្ចបានឃាត់អ្នកបើកបរ យានយន្តចំនួន១១០នាក់ ក្នុងនោះអ្នកបើកបរ រថយន្តចំនួន២៩នាក់ និងអ្នកបើកបរម៉ូតូចំនួន៨១នាក់៕