(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ លើស្ត្រីជនជាតិបារាំង ដែលទើបធ្វើដំណើរមកពីប្រទេសបារាំង ចូលមកកម្ពុជា។
នៅថ្ងៃនេះផងដែរក្រសួងសុខាភិបាល ក៏បានប្រកាសពីមិនមានករណីព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ១៩ នោះទេ។
ក្រសួងបានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិបារាំងដែលរកឃើញមានឆ្លងកូវីដ១៩ មានអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១០៨នាក់ (ស្រី ៤៧នាក់ និងកុមារ ០៣នាក់) ដែលក្នុងចំនួននេះ មានស្ត្រីជនជាតិបារាំង អាយុ ២៣ឆ្នាំខាងលើផងដែរ។ រីឯអ្នកដំណើរចំនួន ១០៧នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នងចំនួន១៩នាក់ និងក្រៅពីនោះនៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨៨នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៣នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០៥នាក់ ៕