(ភ្នំពេញ)៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរាទៅកាន់ផ្លូវជាតិលេខ១ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ។ ពិធីបើការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ស្ពានដែលបើកការដ្ឋានសាងសង់នេះ មានចំនួនពីរមានប្រវែងសរុបជិត ៩០០ម៉ែត្រ ដោយចំណាយថវិកាសរុបជិត ៤០លានដុល្លារ។ ស្ពានទី១ តភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ស្ពាននេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។
ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។
សម្តេចតេជោនាយករដ្ឋមន្ត្រី ស្ថាបនិកនៃសុខសន្តិភាពនៅកម្ពុជា បានប្រសិទ្ធនាមឱ្យស្ពានថ្មីនេះថា «សមិទ្ធិផលថ្មី លើដីសន្តិភាព»។ សម្តេចតេជោ បានសង្កត់ថា បើមិនមានសុខសន្តិភាពមិនអាចមានវត្តមានស្ពានេះឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដូច្នេះ «ឮសូរបងប្អូនមួយចំនួន បាននិយាយថា សមិទ្ធិផលថ្មី លើដីសន្តិភាព។ នេះជាភាសាល្អដែរ ព្រោះការពិតវាអ៊ីចឹង បើកាលណាអត់មានសន្តិភាពទេ យើងមិនដឹងថា ធ្វើអ្វីបានដែរ? សូម្បីតែកាលមុននេះ នៅក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ស្ពានជ្រោយចង្វា ដែលពេលនោះកសាងក្រោមស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ កសាងសម្រាប់ប្រជាពលរដ្ឋ ផលប្រយោជន៍សាធារណៈ ក៏ប៉ុន្តែក៏ត្រូវដាក់មីនបំផ្លាញផ្តាច់ចោលស្ពានហ្នឹងតែម្តង។ នោះហើយជាសង្គ្រាម ហើយស្ពាននេះត្រូវបានតភ្ជាប់ឡើងវិញ រហូតដល់ឆ្នាំ១៩៩៥។ ដូច្នេះភាសាថា សមិទ្ធិផលថ្មី លើដីសន្តិភាព គឺត្រឹមត្រូវ»៕