(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានត្រឹមតែ ១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១% និងទទួលបានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩% ដែលការថយចុះនេះគឺដោយសាររងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។
ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែង ទេសចរសម្រាកលំហែកម្សាន្តមាន ៤៣.៤% ទេសចរធុរកិច្ច និងការទូតមាន ៥៤.៤% និងផ្សេងៗ ២.៣។ កាលពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្តមានរហូតដល់ ៧៦.២% ទេសចរធុរកិច្ច និងការទូតមាន ២០.៧% និងប្រភេទផ្សេងៗ ៣.១%)។
តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរអន្តរជាតិប្រមាណ ១.៣២លាននាក់ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩។
អ្នកជំនាញទេសចរណ៍បានវាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជានឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញ តាមសេណារីយ៉ូចំនួន ២៖
* សេណារីយ៉ូទី១៖ ប្រើរយៈពេល ៣ឆ្នាំ (២០២០-២០២៣)
* សេណារីយ៉ូទី២៖ ប្រើរយៈពេល ៥ឆ្នាំ (២០២០-២០២៥)
ក្រសួងទេសចរណ៍បានបន្តថា រយៈពេល៩ខែ ឆ្នាំ២០២០ មានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ដែលបានធ្វើដំណើរកម្សាន្តតាមរមណីដ្ឋាននានាទូទាំងប្រទេស ថយចុះ ៥១.៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ក្នុងនោះទេសចរជាតិមានប្រមាណ ៥,៥៦២,៥៣១នាក់ ថយចុះ ៣៨.២% និងទេសចរបរទេសមានប្រមាណ ១,៧២១,៨៧៨នាក់ ថយចុះ ៧២%។
តាមការព្យាករណ៍ ឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរផ្ទៃក្នុងបានប្រមាណ ៩លាននាក់ ថយចុះ ២០% ធៀបនឹងឆ្នាំ២០១៩ ខណៈទេសចរផ្ទៃក្នុងនឹងវិលមកប្រក្រតីភាពឡើងវិញក្នុងរយៈពេល ៣ឆ្នាំ ពោលគីឆ្នាំ២០២៣ កម្ពុជានឹងទទួលបាន ១១លាននាក់៕