(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២០លើក ក្នុងនោះយប់៨លើក បណ្តាលឲ្យមនុស្សស្លាប់៩នាក់ រងរបួសធ្ងន់ ១៦នាក់ និងរបួសស្រាល៩នាក់ នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង២០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៦គ្រឿង រួមមានម៉ូតូចំនួន១៦គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង រថយន្តធុនធំចំនួន ៤គ្រឿង យានផ្សេងៗ២គ្រឿង និងអ្នកថ្មើរជើង ២នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៧លើក ស្រវឹង៣លើក មិនគោរពសិទ្ធិ៤លើក មិនប្រកាន់ស្តាំ៣លើក បត់គ្រោះថ្នាក់១លើក កត្តាយានយន្ត១លើក និងមនុស្សរត់ឆ្លងផ្លូវ១លើក។
ដោយឡែកលទ្ធិផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៧៧៩៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៣២៥៦គ្រឿង និងពិន័យសរុប ៤៥៤០គ្រឿង ៕