(ភ្នំពេញ)៖ ព្រឹទ្ធសភានៅក្នុងសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៤ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានអនុម័តទាំងស្រុងហើយលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃប្រទេសចិន។
សម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ត្រូវបានដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា។ ក្នុងរបៀបវារៈពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនេះ លោក គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានជម្រាបជូនសម័យប្រជុំពេញអង្គព្រឹទ្ធសភាថា គណៈកម្មការទី៩ព្រឹទ្ធសភា ដោយមានកិច្ចសហការជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា បានពិនិត្យពិភាក្សាលើទម្រង់ច្បាប់ ខ្លឹមសារសេចក្តីព្រាងច្បាប់រួមទាំងការឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម រួចរាល់ហើយ។
លោក គង់ សារាជ បានអះអាងថា សេចក្តីព្រាងច្បាប់នេះរៀបចំឡើងស្របតាមទម្រង់ និងច្បាប់។ នៅចំពោះមុខថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភា លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានជម្រាបអំពីខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនេះ ដោយគូសរំលេចនូវអត្ថប្រយោជន៍មួយចំនួន ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។
តំណាងឱ្យរាជរដ្ឋាភិបាល លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណលោកកិត្តិនីតិកោសលបណ្ឌិតប្រធានអង្គប្រជុំ, សមាជិក សមាជិកាព្រឹទ្ធសភាទាំងអស់ ដែលបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ។ លោករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះនឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក សម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក៏បានអនុម័តយល់ព្រមទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនេះ។
គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ានជាមួយប្រទេសជាដៃគូទី៦ហើយ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន អាស៊ាន-ជប៉ុន អាស៊ាន-ឥណ្ឌា អាស៊ាន-កូរ៉េ និងអាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់៕