(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី និងសហគមន៍សិង្ហបុរីនៅកម្ពុជា ដែលបានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ-បរិភោគ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
គ្រឿងឧបភោគ-បរិភោគ រួមមាន៖ អង្ករ១,៥០០គីឡូក្រាម, មី ៩,៣៣៦កេស, ត្រីខ៣,០០០កំប៉ុង ទឹកបរិសុទ្ធ៤៥០កេស, ដំឡូងចំណិត៦,០០០កញ្ចប់, សាច់ក្រកកំប៉ុង៨២កំប៉ុង, នំប្រៃ៣៣កញ្ចប់, ទឹកសណ្តែក១,៨០០ប្រអប់, មុង៣០០ និងភួយ៤០០ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។
អំណោយខាងលើនេះ ជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សហគមន៍សិង្ហបុរីនៅកម្ពុជា ហើយដែលរឹតតែបង្ហាញអំពីចំណងមិត្តភាព សាមគ្តីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងប្រជាជនកម្ពុជា-សិង្ហបុរី ជាពិសេសស្មារតីនៃការចែករំលែក ជួយគ្នាក្នុងគ្រាមានអាសន្ន។
សូមបញ្ជាក់ថា ក្នុងរយៈពេល២៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ទី២៦ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលរងគ្រោះដោយទឹកជំនន់ បានសរុបចំនួន ១៩,០៥៤គ្រួសារ រស់នៅភូមិចំនួន៤៦៣ ឃុំចំនួន១៦២ ស្រុកចំនួន៥៦ ក្នុងរាជធានី-ខេត្តចំនួន១៤ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការកណ្តាលចំនួន ៩,៩០០គ្រួសារ និងដោយសាខាចំនួន ៩,១៥៤គ្រួសារ)៕