(កំពង់ស្ពឺ)៖ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចុះពិនិត្យមើលអំពីការដ្ឋានសាងសង់ អគារទីស្នាក់ការបក្ស ដែលកំពុងសាងសង់ជិតរួចរាល់ជាស្ថាពរ និងបានចុះជួយសម្រួលចរាចរណ៍ ដូចជាការឈូសឆាយផ្លូវជាច្រើនកន្លែង ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋតាមភូមិ និងឃុំមួយចំនួន ក្នុងការធ្វើដំណើរទៅមក។

ការចុះពិនិត្យការដ្ឋានសាងសង់គណបក្ស និងផ្លូវមួយចំនួន នៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះ ធ្វើឡើងនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ពាង ផារ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំរស្មីសាមគ្គី, លោក សាន វណ្ណេត និងលោកវេជ្ជបណ្ឌិត សាយ រិទ្ធី អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកឱរ៉ាល់ តំណាងលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានទី១ ក្រុមកាងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទទួលបន្ទុកបីឃុំ ឃុំហោងសំណំ ឃុំតាសាលនិង ឃុំរស្មីសាមគ្គី។

លោក ពាង ផារ័ត្ន តំណាងលោក លេង ផាលី អនុប្រធានទី១ ក្រុមកាងារថ្នាក់កណ្តាល ចុះជួយស្រុកឱរ៉ាល់ បានថ្លែងឲ្យដឹងថា អគារថ្មីនៃទីស្នាក់ការបក្ស ដែលបានសាងសង់ឡើងនេះ ដើម្បីបម្រើផលប្រយោជន៍រួមដល់មន្ត្រីគណបក្សក្នុងមូលដ្ឋាន ជាពិសេសក្នុងពេលដែលជួបជាមួយ និងសមាជិកសមាជិកា របស់គណបក្សប្រជាជនទាំងអស់។

លោកបន្ថែមថា «ក្នុងនាមជាក្រុមការងារចុះជួយឃុំ បានខំប្រឹងប្រែងបំពេញភារកិច្ច ជូនរាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ក្នុងការធានាការពារថែរក្សាសុខសន្តិភាព និងសុវត្ថិភាពជូនប្រទេសជាតិ ក៏ដូចជាប្រជាជន និងជាពិសេសក្នុងកាលៈទេសៈ ដែលពួកគាត់កំពុងជួបការលំបាក ដោយជំនន់ទឹកភ្លៀង ហើយបច្ចុប្បន្នស្ថានភាពជំនន់ទឹកភ្លៀង បានធ្វើឲ្យវប៉ះពាល់យ៉ាងច្រើន ទៅដល់ប្រជាពលរដ្ឋ»

ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏បានចុះពិនិត្យស្ថានភាពលផ្លូវ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ហូរកាត់ផ្តាច់ជាច្រើនកន្លែង។ ក្នុងនោះក្រុមការងារក៏បានចុះគៀរ និងបង្ហាប់ផ្លូវឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ទៅផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងព្រមទាំងអាចដឹកកសិផលនានា យកទៅលក់ដូរនៅទីផ្សារផងដែរ។

ជាមួយគ្នានោះដែរ ក្រុមការងារថ្នាក់កណ្តាលចុះ ជួយស្រុកឱរ៉ាល់ តំណាងលោក លេង ផាលី ក៏បានដង្ហែរកឋិនសាមគ្គី ទៅវត្តព្រះធម្មត្រ័យ ដោយនាំបច្ច័យបានចំនួន៣៣លានរៀល (សាមសិបបីលានរៀល) ជូនដល់វត្ត។ ក្រៅពីនោះក្រុមការងារទាំងអស់ ក៏បាននាំបច្ច័យបន្ថែមក្នុងការក្រាលការ៉ូ និងពិដាន ក្នុងវត្តព្រះធម្មត្រ័យ សរុបទឹកប្រាក់ចំនួន៨លានរៀល (ប្រាំបីលានរៀល)។

លោក ពាង ផារ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំរស្មីសាមគ្គី ក៏បានចំណាយថវិកាផ្ទាល់ខ្លួនចូលរួមសាងគ្រឹះព្រះវិហារវត្តព្រះធម្មត្រៃយ័ មានទំហំ១២ម៉ែត្រ គុណ២៤ម៉ែត្រ ដោយចំណាយទឹក ប្រាក់ប្រមាណ៦ម៉ឺនដុល្លារ (ប្រាំមួយម៉ឺនដុល្លារ) ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលផងដែរ៕