(ពោធិ៍សាត់)៖ គណៈប្រតិភូក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប តំណាងលោក ហ៊ុន ម៉ាណែត បានចុះប្រគល់អំណោយជាសម្ភារ និងថវិកាដែលជាទឹកចិត្តសប្បុរសធម៌ របស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតាមបណ្តាប្រទេស និងតំបន់នៅអឺរ៉ុប និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ១៧១៥ គ្រួសារ។
សកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយលោក ហួត ហាក់ រដ្ឋលខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនប្រចាំទ្វីបអឺរ៉ុប តំណាងលោក ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុបជាច្រើនរូបទៀត ក្រោមកិច្ចសហការរៀបចំរបស់ក្រុមការងារលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា និងលោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ និងសហការី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
លោក ហួត ហាក់ បានថ្លែងថា នេះគឺជាយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេសដែលកំពុងរងគ្រោះដោយទឹកជំនន់ ដែលអំណោយទាំងនេះគឺជាទឹកចិត្តសប្បុរសធម៌ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅតាមបណ្ដារប្រទេស និងតំបន់ក្នុងទ្វីបអឺរ៉ុប និងក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុបតាមរយៈលោក ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។
ជាក់ស្ដែងពិធីចែកអំណោយទាំងនេះបានប្រគល់ជូនប្រជាពលរដ្ឋនៅឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ចំនួន១៧១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគ បរិភោគជាអង្ករ ទឹកស៊ីវអ៊ីវ ទឹកបរិសុទ្ធ និងទឹកត្រី។
សូមបញ្ជាក់ថា នេះជាគោលដៅទីមួយហើយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប មានគម្រោងនាំយកអំណោយជាសម្ភារ និងថវិកាដែលបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅតាមបណ្ដាប្រទេស និងតំបន់ក្នុងទ្វីបអឺរ៉ុប និងក្រុមការងារទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ នៅតាមបណ្ដាគោលដៅ នៃខេត្តមួយចំនួនជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕