(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅបរិវេណសាលាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធ នៃកងពលតូចអន្តរាគមន៍លេខ១៤ ដែលបានជួយច្រកដីទប់ទឹក និងចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង កាលពីពេលកន្លងទៅ។
លោក ម៉ៅ ធនិន ក្នុងនាមរដ្ឋបាលខេត្ត និងជាតំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងទាំងអស់ក្នុងខេត្ត ដែលបានលះបង់កម្លាំង កាយចិត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នេះ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។ លោកសូមថ្លែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់បងប្អូនយើងទាំងអស់ ដែលខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ ក្នុងគ្រោះមហន្តរាយនេះ។
នាឱកាសនោះ លោក ម៉ៅ ធនិន ក៏បាននាំយកសម្ភារ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ នៃកងពលតូចអន្តរាគមន៍លេខ១៤ ចំនួន៨០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម, ត្រីខ១យួរ, សាប៉ូ១កញ្ចប់ធំ, មី៣កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ទឹកក្រូច១កេស, ទឹកសុទ្ធអរុណា១កេស, ឃីត៧មុខ១កញ្ចប់ និងថវិកា១០ម៉ឺនរៀលផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០កន្លងទៅ បានទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលហូរធ្លាក់ពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៦ក្រុង-ស្រុក ក្នុងនោះមានស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ស្មើនឹង៣៤ឃុំ-សង្កាត់ ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធរួមមាន៖
*ទី១៖ អំពីផលប៉ះពាល់៖ ប៉ះពាល់ប្រជាពលរដ្ឋចំនួន២៩.១៧៣គ្រួសារ, ខ្នងផ្ទះចំនួន២៤.៧៧២គ្រួសារ, ស្រ្តីចំនួន៥៤.៦៤៤នាក់, ស្រូវចំនួន៣៥.៩៤៣ហិកតា, ដំណាំកសិឧស្សាហកម្មចំនួន៣.៨១៦ហិកតា, ដំណាំរួមផ្សំគ្រប់ប្រភេទសរុបចំនួន៦.២៨០ហិកតា, ទឹកលិចផ្លូវ (ផ្លូវកៅស៊ូ, គ្រួសក្រហម និងផ្លូវដីស) សរុបប្រវែង ៣៣៦.៥៨៨ម៉ែត្រ, សាលាចំនួន២៦សាលា, វត្តអារាមចំនួន៣៣វត្ត, មណ្ឌលសុខភាពចំនួន៣មណ្ឌល, ប្រឡាយមេ និងប្រឡាយរងប្រវែង ៤០.១៣០ម៉ែត្រ, ទំនប់ប្រវែង៣.៥០០ម៉ែត្រ, អណ្តូងលិចទឹកចំនួន៤៨៩អណ្តូង, បង្គន់លិចទឹកចំនួន៣០.២៨០បង្គន់, ជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាពចំនួន៤០ទីទួល ស្មើនឹង ១.៩១១គ្រួសារ, ក្រុង ស្រុក ចំនួន៤ ស្មើនឹង ១៧ឃុំ-សង្កាត់ ប៉ះពាល់សត្វគោ ក្របីសរុបចំនួន១៧.៧៤៦ក្បាល និងលង់ទឹកស្លាប់ចំនួន០៦ នាក់។
*ទី២៖ អំពីការខូចខាត៖ ស្រូវខូចខាតទាំងស្រុងចំនួន១០.៥៤៥ហិកតា, ខូចខាតដំណាំរួមផ្សំគ្រប់ប្រភេទសរុបចំនួន២.៥១៤ហិកតា, ខូចផ្លូវ និងដាច់ផ្លូវ (ផ្លូវកៅស៊ូ, គ្រួសក្រហម និងផ្លូវដីស) ចំនួន៣៤១ខ្សែ សរុបប្រវែង១៦៨.៦៥៧ម៉ែត្រ, ខូចស្ពានចំនួន២០កន្លែង, បាក់ទំនប់០៩កន្លែង, ខូចលូចំនួន២៤កន្លែង, បាក់ភ្លឺប្រឡាយមេចំនួន០៣កន្លែង, និងផ្ទះសំបែងប្រជាពលរដ្ឋ ខូចខាតទាំងស្រុងចំនួន៤៦ខ្នង (ស្រុកវាលវែង)៕