(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានរៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រង និងការការពារសត្វផ្សោតទន្លេមេគង្គ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នៅ ក្រោមអធីបតីលោក ស្រ៊ុន លឹមសុង អគ្គនាយករង នៃរដ្ឋបាលជលផល, លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងលោក សេង ទៀក នាយកអង្គការ WWF កម្ពុជា រួមជាមួយអង្គការដៃគូរពាក់ព័ន្ធ និងយុវជន ដើម្បីរួមគ្នាដោះស្រាយ និងផ្សព្វផ្សាយអំពីលទ្ធផល ក៏ដូចជាបញ្ហាប្រឈមរបស់សត្វផ្សោយដែលរស់នៅទន្លេមេគង្គក្នុងដែនទឹកកម្ពុជា។

តាមលទ្ធផលបញ្ជាក់ដោយនាយកអង្គការ WWF កម្ពុជា បានបង្ហាញថា លទ្ធផលជំរឿនសត្វផ្សោតក្នុងឆ្នាំ២០១៧ កម្ពុជាមានផ្សោតប្រមាណ ៩២ក្បាល។ ចំនួននេះមានការកើនឡើង ១៥% លើកដំបូងក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយ នៃការអភិរក្សបើធៀបនឹងតួលេខជំរឿនក្នុងឆ្នាំ២០១៥ ដែលមានត្រឹម ៨0ក្បាលប៉ុណ្ណោះ។

លទ្ធផលជំរឿនសត្វផ្សោតក្នុងឆ្នាំ២០២០ ដែលទើបតែបានផ្សព្វផ្សាយជាផ្លូវការដោយរដ្ឋបាលជលផលថ្នាក់ជាតិ កាលពីសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថា ចំនួនសត្វផ្សោត សរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២០នេះ មានប្រហាក់ប្រហែលគ្នាទៅនឹងចំនួនសត្វផ្សោតដែលមាននៅក្នុងឆ្នាំ២០១៧ដែរ គឺចំនួនរបស់វាមានប្រហែល ៨៩ក្បាល។

លោកថា «លទ្ធផលជំរឿនផ្សោតក្នុងឆ្នាំ២០២០នេះ បានបញ្ជាក់ថា សត្វផ្សោតយើងមានចំនួនថេរក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ចំនួនថេរនេះ គឺជាសញ្ញាវិជ្ជមានមានន័យថា អត្រាថយចុះរបស់ ផ្សោត ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន គឺស្ថិតនៅក្នុងស្ថានភាពមួយដែលយើងអាចគ្រប់គ្រងបាន តាមការវិភាគអត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រហែល ២.១២% ក្នុងរយៈពេល ៣ឆ្នាំកន្លងមក ហើយអត្រាកូនផ្សោតរស់ដល់វ័យបន្តពូជមានរហូតដល់ ៤.២២% ដែលជាអត្រាមួយខ្ពស់ល្អ មិនធ្លាប់មានពីមុន បើធៀបក្នុងចន្លោះឆ្នាំ២០០៧ ដល់២០១៣ អត្រាកូនផ្សោតរស់ដល់វ័យបន្តពូជមានត្រឹមតែ 0,០៣%ប៉ុណ្ណោះ»

តែទោះជាយ៉ាងណា នាយកអង្គការរូបនេះ បានលើកឡើងថា ចំនួនសត្វផ្សោតដែលរស់នៅសេសសល់តិចជាង ១០០ក្បាលនេះ គឺស្ថិតនៅជាការបារម្ភសម្រាប់អ្នកជំនាញ និងអ្នកអភិរក្ស។ លោកបានបញ្ជាក់ថា «ការមិនបានអង្កេតឃើញវត្តមានផ្សោតចំនួន ២៥ក្បាលក្នុងឆ្នាំ២០២០ តែបានកត់ត្រាក្នុងឆ្នាំ២០១៧ នៅក្នុងអន្លង់ទាំង៦ ដែលពួកវាធ្លាប់រស់នៅ គឺជាការបារម្ភថ្មីមួយទៀត ពីមូលហេតុនៃការ ធ្វើបម្លាស់ទីរបស់ពួកវា តាមលទ្ធផល នៃការសិក្សាឆ្នាំ២០២០នេះ សត្វផ្សោតដែលរស់នៅក្នុងអន្លង់តែ៣សំខាន់ៗប៉ុណ្ណោះ រួមមាន៖ អន្លង់កាំពី អន្លង់កាងកូនសត្វ និងអន្លង់ឈើទាល»។

លោកបន្តទៀតថា បញ្ហាប្រឈមមួយចំនួនចំពោះសត្វផ្សោត គឺនៅតែបន្តមាននៅឡើយរួមមាន៖

*ការដាក់មងខុសច្បាប់
*ការប្រើប្រាស់ឧបករណ៍ឆក់
*ការបំពុល
*ការនេសាទហួសកំរិត
*ការប្រែប្រួលលំហូរទឹក
*ការសាងសង់ទំនប់វារីអគ្គិសនីនៅទន្លេមេ
*ការប្រែប្រួលអាកាសធាតុជាដើម។

លោក ស្រ៊ុន លឹមសុង អគ្គនាយករង នៃរដ្ឋបាលជលផល បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលជលផល មន្ទីរកសិកម្មខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងអាជ្ញាធរដែនដីក្នុងខេត្តទាំងពីរ ដែលបានលើកកម្ពស់កិច្ចសហការល្អប្រសើរជាមួយអង្គការ WWF និងអង្គការដៃគូពាក់ព័ន្ធ ក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គយើងនេះឲ្យបានគង់វង្ស។

លោកបានបញ្ជាក់ថា «នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាពិភាក្សា បង្កើតដំណោះស្រាយ ដែលនឹងឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះ នឹងអាចឱ្យក្មួយសិស្សានុសិស្ស ទទួលបាននូវចំណេះដឹងថ្មីៗ ក៏ដូចជា បទពិសោធន៍នានាដែលពាក់ព័ន្ធនឹងការគ្រប់គ្រង និងការពាក្យធនធានវារីសត្វ និងជីវចម្រុះជលផល ពិសេសសត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិជាតិ មានជីវិតដ៏ពិសិដ្ឋនៅប្រទេសកម្ពុជា ហើយតាមរយៈសិក្ខាសាលានៅពេលនេះ នឹងទទួលបាននូវចំណេះដឹងទូលំទូលាយបន្ថែមរបស់តំណាងស្ថាប័នពាក់ព័ន្ធ ពីសារសំខាន់ នៃការការពារ និងគ្រប់គ្រងសត្វផ្សោតរួមទាំងជីវចម្រុះ ពិសេសចំនួនប្រមាណសត្វផ្សោតក្នុងឆ្នាំ២០២០ អនុសាសន៍ និងយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដែលជួយដល់ការអនុវត្តសកម្មភាពអភិរក្សនៅពេលបច្ចុប្បន្ន -ការបន្តផ្សព្វផ្សាយរបស់ក្រុមយុវជនអំពីសារសំខាន់ នៃការការពារសត្វផ្សោតជីវចំរុះជលផលទន្លេមេគង្គ និងបរិស្ថានដល់សាធារណជនឲ្យបានទូលំទូលាយ»