(ពោធិ៍សាត់)៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកស្រី ជា ខេង, អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកស្រីឧកញ៉ា យិន ផានី រួមនិងក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ បានចុះចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៨០០គ្រួសារ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ចំនួន ២ទីតាំង។
ទីតាំងទី១៖ នៅពេលព្រឹកក្នុងឃុំស្វាយដូនកែវ ចំនួន៤០០គ្រួសារ និងទីតាំងទី២៖ ពេលរសៀលនៅឃុំបឹងខ្នារ ចំនួន៤០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានថវិកា ៤០,០០០រៀល, អង្ករ២៥គីឡូក្រាម, ទឹកបរិសុទ្ធកម្ពុជា១កេះ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ឆៃប៉ូវ១គីឡូក្រាម ,សាប៊ូម្សៅ១កញ្ចប់ និងប្រេងកូឡា១ប្រអប់។
នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី ស៊ុយ សែម បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសម្ដេច តែងតែគិតគូរនិងបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយសម្តេចពិតជាមានការសោកស្តាយចំពោះការខូចខាតស្រែចំការ សត្វចិញ្ចឹម និងទ្រព្យសម្បត្តិនានា របស់ប្រជាពលរដ្ឋដោយសារគ្រោះទឹកជំនន់។
លោករដ្ឋមន្ត្រីបន្តថា អំណោយនេះគឺសម្រាប់ជូនប្រជាពលរដ្ឋដោះស្រាយជីវភាពភ្លាមៗក្នុងរយះពេលខ្លី ដូច្នេះអ្វីដែលសំខាន់គឺត្រូវស្តារជីវភាពគ្រួសារឡើងវិញ ដោយខិតខំ បង្កបង្កើនផល និងចិញ្ចឹមសត្វក្រោយពេលទឹកស្រកវិញ។ លោកថា រាជរដ្ឋាភិបាលបានត្រៀមគ្រាប់ពូជ អ្នកបច្ចេកទេសផ្នែកកសិកម្ម សម្រាប់ចែកជូននិងណែនាំដល់ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់សម្រាប់បង្កបង្កើនផលក្រោយពេលទឹកស្រក។
នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី ស៊ុយ សែម និងលោកស្រី បានផ្តួចផ្តើមនិងឧបត្ថម្ភការកសាងស្រះទឹកខ្នាតធំ គ្រប់ឃុំទាំងអស់ក្នុងស្រុកបាកាន សរុបចំនួន៩ស្រះ ដោយក្នុងមួយឃុំស្រះមួយ ស្រះនីមួយៗមានទំហំ១ហិកតាបួនជ្រុង ជម្រៅ១០ម៉ែត្រ មានជណ្តើរបេតុង និងដាំដើមឈើជុំវិញ ជាពិសេសមានភ្ជាប់ចរន្តអគ្គីសនី តំលៃថោក ដោយប្រជាពលរដ្ឋ គ្រាន់តែប្រើកាតឆូតដើម្បីប្រើភ្លើងបូមទឹក។ ក្នុងនោះដែរ ស្រះទឹកខ្នាតធំចំនួន២ បានកសាងរួចរាល់ហើយក្នុងឃុំស្នាមព្រះ និងឃុំមេទឹក ហើយតាមឃុំ ផ្សេងទៀតកំពុង កសាងជាបន្តបន្ទាប់។
សូមបញ្ជាក់ថាក្នុងរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោករដ្ឋមន្ត្រី ស៊ុយ សែម និងលោកស្រី ជា ខេង ព្រមទាំងក្រុមការងារ បាននាំយក អំណោយចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំងអស់បាន២៤០០គ្រួសារ ដែលអំណោយទាំងនេះជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី រួមនិងអំណោយរបស់លោកផ្ទាល់ និងរបស់សប្បុរសជននានាផងដែរ៕