(ភ្នំពេញ)៖ លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារចូលរួមរំលែកទុក្ខលំបាកជូនប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយទឹកជំនន់។
លិខិតរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានផ្ញើជូន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយបានសម្តែងការសោកសៅជាខ្លាំង ក្រោយទទួលបានដំណឹងថា មានគ្រោះទឹកជំនន់នៅតំបន់ជាច្រើននៃប្រទេសកម្ពុជា។
ក្នុងលិខិតរបស់លោក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក Vivian Balakrishnan បានបញ្ជាក់ប្រាប់ លោក ប្រាក់ សុខុន យ៉ាងដូច្នេះថា៖ «រូបខ្ញុំមានក្តីសោកសៅជាខ្លាំង ក្រោយទទួលបានដំណឹងថា គ្រោះទឹកជំនន់នៅតំបន់ជាច្រើននៃប្រទេសកម្ពុជា បានបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរ និងការបាត់បង់ជីវិតមនុស្ស»។
លោកបានបញ្ជាក់ទៀតថា៖ «សូមទទួលយកការចូលរួមរំលែកទុក្ខ ដោយអស់ចេញពីចិត្តរបស់ខ្ញុំ ចំពោះក្រុមគ្រួសារជនរងគ្រោះទាំងអស់។ ដោយឡែក ខ្ញុំពិតជារីករាយណាស់ ចំពោះការដែលកាកបាទក្រហមសិង្ហបុរី និងសហគមន៍សិង្ហបុរីនៅកម្ពុជា បាននិងកំពុងចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែង ជួយសង្រ្គោះវិបត្តិទឹកជំនន់។ សូមប្រាប់ពួកយើងដឹងផង ប្រសិនបើសិង្ហបុរីអាចជួយអ្វីបានបន្ថែមទៀត»។
គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ រាជធានី-ខេត្តចំនួន២០ របស់កម្ពុជា បានរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះមានប្រជាជន រងផលប៉ះពាល់ចំនួន១៣៦,៤៤២គ្រួសារ ស្មើប្រមាណ ៥៤៥,៧៦៨នាក់, ប្រជាជនបានជម្លៀស មកទីទួលសុវត្ថិភាពចំនួន ១១,៨៣៨គ្រួសារ ស្មើប្រមាណ ៤៧,៣៥២នាក់ និងប្រជាជនស្លាប់ចំនួន ៤០នាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕