(កំពងឆ្នាំង)៖ ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានចុះបំពេញទស្សនកិច្ច និងត្រួតពិនិត្យដំណើរការសាងសង់ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ នៅខេត្តកំពង់ឆ្នាំង ដើម្បីវាយតម្លៃអំពីការប្រើប្រាស់ថវិការបស់រដ្ឋ ដែលបានទម្លាក់ជូនចាប់តាំងពីដំណើរការសាងសង់ដំបូង។
មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយនេះ ប្រើប្រាស់ផ្ទៃដីប្រមាណជាង ៥,០០០ហិកតា ហើយដំណើរការសាងសង់រហូតមកដល់ពេលនេះ សម្រេចបានតាមផែនការដែលគ្រោងទុក ហើយនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅឆ្នាំ២០២២ខាងមុខ។ តាមផែនការមជ្ឈមណ្ឌលនេះ អាចនឹងប្រើប្រាស់ថវិកាអស់រាប់សិបលានដុល្លារឯណោះ។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងឧកញ៉ា លី ហួរ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំប្រតិភូចុះពិនិត្យដំណើរការសាងសង់នេះ បានវាយតម្លៃថា ការយកថវិការបស់រដ្ឋសម្រាប់ប្រើប្រាស់ ចំណាយលើការសាងសង់នេះ មានតម្លាភាពត្រឹមត្រូវ ហើយសំណង់ក៏ធ្វើឡើងតាមស្ដង់ដារកំណត់ផងដែរ។
លោក វង្សី វិស្សុត បានបង្ហាញនូវក្ដីសប្បាយរីករាយ នៅពេលឃើញដំណើរការសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនដ៏ធំមួយនេះ តាមសម្រេចទៅតាមផែនការ ដែលបានគ្រោងទុក។ ប៉ុន្ដែលោកមិនអាចបញ្ជាក់បានទេថា ដំណើរការសម្រេចបានប៉ុន្មានភាគរយហើយ ព្រោះក្នុងមជ្ឈមណ្ឌលនេះ មានទីតាំងហ្វឺកហ្វឺនផ្សេងៗគ្នា រហូតដល់៧ទីតាំង។
រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី វង្សី វិស្សុត បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមជាអ្នកផ្ដល់ថវិកាផង និងក្នុងនាមជាអ្នកជួយផង យើងខ្ញុំទាំងអស់គ្នាពិតជាមានក្ដីរីករាយជាមួយសមិទ្ធផលការងារថ្ងៃនេះ។ យើងបានឃើញថា អ្វីដែលយើងបានចំណាយមកលើការសាងសង់ មជ្ឈមណ្ឌលនេះ ពិតជាបានប្រកបដោយការពេញចិត្ត និងមានប្រសិទ្ធភាពក្នុងការចាយវាយ ហើយការសាងសង់ប្រព្រឹត្តទៅតាមផែនការ មានគុណភាពខ្ពស់ មានស្ដង់ដារល្អ»។
លោកបានបន្ដទៀតថា មជ្ឈមណ្ឌលហ្វឹកហ្វឺននេះ នឹងជួយពង្រឹងដល់សមត្ថភាពរបស់កងទ័ពទាំងអស់ ព្រោះទីតាំងនេះមិនមែនសម្រាប់តែកងរាជអាវុធហត្ថនោះទេ ពោលសម្រាប់ កងយោធពលខេមរភូមិន្ទទាំងមូលតែម្ដង។ នៅពេលអនាគត មជ្ឈមណ្ឌលនេះ នឹងក្លាយជាកន្លែងហ្វឹកហ្វឺនមួយដ៏ធំនៅក្នុងប្រទេសកម្ពុជា ដែលអាចជួយកងទ័ព កាន់តែមានសមត្ថភាពក្នុងការបំពេញបេសកកម្មការពារជាតិ និងសង្គ្រោះប្រជាពលរដ្ឋ។
បើតាម លោក វង្សី វិស្សុត រហូតមកដល់ពេលនេះ (គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់ រយៈពេល៤ឆ្នាំ) ថវិការដ្ឋប្រមាណជាង១០លានដុល្លារ ប៉ុន្ដែនៅឆ្នាំ២០២១ គ្រោងចំណាយនឹងប្រើប្រាស់ថវិកាប្រមាណ៣លានដុល្លារទៀត ដើម្បីនឹងបញ្ចប់ការសាងសង់លើទីលានបាញ់គ្រាប់ពិត ប៉ុន្ដែចំនួនថវិកាដើម្បីបញ្ចប់ការសាងសង់ទាំងស្រុង គឺច្រើនជាងនេះ។ លោកបន្ថែមថា សប្បុរសជនជាច្រើន ក៏បានឧបត្ថម្ភថវិកាដើម្បីសាងសង់មជ្ឈមណ្ឌលនេះផងដែរ។
គួរជម្រាបថា ហេដ្ឋារចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ ចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៣ ហើយតាមផែនការដែលបានគ្រោងទុក ការសាងសង់នេះ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២២។
មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ នេះទៀតសោត ក៏ត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងជំនួប កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (AARM) នាពេលមុខផងដែរ ហើយក្រុមការងារបច្ចេកទេស ក៏កំពុងខិតខំពុះពារគ្រប់លទ្ធភាព ដើម្បីសាងសង់បណ្ដាប្រភេទសំណង់សំខាន់ៗ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺននេះផងដែរ។
រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេស នៃកងយោធពលខេមរភូមិន្ទ ខិតខំសម្របសម្រួលគ្រប់កិច្ចការ ដើម្បីពន្លឿនការចុះហត្ថលេខាទ្វេរភាគី (កម្ពុជា-ចិន) បានដំណើរការសាងសង់ទីលានបាញ់គ្រាប់ពិត កងអន្ដរាគមន៍អាវុធហត្ថ និងការរៀបចំបំពាក់ មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស តាមពេលវេលា និងផែនការដែលបានគ្រោងទុក។
លោកឧត្តមសេនីយ៍ឯក ភួង ស៉ីភិន ប្រធានក្រុមការងារបច្ចេកទេស គម្រោងវិស្វកម្មកងរាជអាវុធហត្ថ បានឲ្យដឹងថា ទីតាំងដែលត្រូវបង្ហាញជូនគណៈប្រតិភូ រួមមាន៖ ទីលានបាញ់គ្រាប់ពិត, ឃ្លាំងគ្រាប់, ឃ្លាំងអាវុធ, ស្ថានីយផលិតទឹកស្អាតទី២, ឃ្លាំងភស្ដុភារបច្ចេកទេស, ទីតាំងកសាងមណ្ឌលពិព័រណ៌ពហុបច្ចេកទេស, អគារទីចាត់ការ, អាងស្ដុកទឹក, វេទិកា, ការសិក្សារបស់សិក្ខាកាម និងអគារស្នាក់នៅ៕