(ភ្នំពេញ)៖ ដោយមើលឃើញពីការលះបង់ពេលវេលា និងការចុះផ្ទាល់ ដើម្បីជួយប្រជាជនរងគ្រោះដោយទឹកជំនន់ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនកន្លងមក នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ លោក ម៉ម សម្បត្តិ (ម្ចាស់ហាងលក់ផ្លែឈើ តាម៉ាប់) ក្នុងនាមអាជីវករ និងក្នុងនាមជាប្រជាជន ដែលកំពុងរស់នៅក្រោមម្លប់សន្តិភាព លោក និងគ្រួសារក៏បានសម្តែងនូវអារម្មណ៍រំភើប និងការលើកទឹកចិត្តគាំទ្រ ដោយស្មោះចំពោះសកម្មភាពរបស់លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ដែលបានចុះជួយប្រជាជនទាន់ពេលវេលា និងគ្រប់ទីកន្លែងស្របតាមអនុសាសន៍ និងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជាការបញ្ជាក់អំពីទឹកចិត្ត និងការចូលរួមគាំទ្រនូវសកម្មភាពចេះ ជួយគ្នាក្នុងគ្រាលំបាក លោក ម៉ម សម្បត្តិ និងគ្រួសារក៏បាននាំយកថវិកាចំនួន ៤,០០០,០០០រៀល រួមជាមួយនឹងផ្លែឈើមួយកន្ត្រក មកជូនលោក ប៉ាន់ខែម ប៊ុនថន ។
គ្រួសារអាជីវករមួយនេះ ក៏បានជម្រាបជូនលោក ប៉ាន់ខែម ប៊ុនថន ថារូបលោក និងក្រុមគ្រួសារ គឺពិតជាគោរពស្រលាញ់ និងតែងតែគាំទ្រជានិច្ច ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហើយរូបលោក និងគ្រួសារមិនអាចបំភ្លេចបានទេនូវ គុណបំណាច់ និងវីរភាពដ៏អស្ចារ្យរបស់សម្តេចតេជោ ដែលបានស្វែងរកសន្តិភាពជូនប្រទេសនិងប្រជាជនកម្ពុជាយើង។
ក្នុងឱកាសនោះ លោក ប៉ាន់ខែម ប៊ុនថន ក៏បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះស្មារតីឆន្ទៈរបស់ប្រជាជន និងអាជីវករ ក្នុងនាមសប្បុរសជន ដែលបានចូលរួមចំណែកបង្ហាញស្មារតីគាំទ្រដល់ ក្រុមការងារក្នុងសកម្មភាពជួយប្រជាជនរងគ្រោះ និងការចេះគ្នាក្នុងគ្រាលំបាក តាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។ ទោះតិចក្តីច្រើនក្តី ការចូលរួមរបស់បងប្អូនសប្បុរសជន ប្រជាជន អាជីវករ គឺជាកម្លាំងចិត្តមួយដ៏មានតម្លៃបំផុត ដែលបានជំរុញលើកកម្លាំងចិត្តឯកឧត្តម និងក្រុមការងារទាំងអស់ មានកម្លាំងបន្តសកម្មភាពជួយប្រជាជនរងគ្រោះបន្តទៀត ជាមួយប្រមុខរាជរដ្ឋាភិបាល កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន៕