(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៧០គ្រួសារ នៅក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត និងភូមិសិលាខ្មែរ ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានឱ្យដឹងថា គ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងទឹកហូរពីប្រទេសថៃ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះមានរាប់ម៉ឺនគ្រួសារហើយ តែពួកគាត់បានទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន ពីថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងសប្បុរសជន ជាច្រើនទៀតផងដែរ។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ ត្រូវបានសមត្ថកិច្ចទាំង៣ រួមមានកម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងកម្លាំងយោធា បានជួយជម្លៀសទៅរស់នៅទីទួលសុវត្ថិភាពទាំងអស់ ថែមទាំងបានចែកស្បៀងសម្រាប់បរិភោគបានគ្រប់ៗគ្នាទៀតផង។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានការសង្ស័យថា កន្លែងប្រឈមគ្រោះថ្នាក់ ត្រូវរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់ ដើម្បីក្រុមសង្គ្រោះ បានចុះជួយជម្លៀសរកទីទួលមានសុវត្ថិភាពទាន់ពេលវេលា។

ជាមួយគ្នានោះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាពពីគ្រោះថ្នាក់ជាយថាហេតុ ត្រូវថែទាំសុខភាពឲ្យបានល្អ ទទួលទានអាហារឲ្យបាន ត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវគេងក្នុងមុងជានិច្ច និងត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើល ក្មេងតូចៗកុំឲ្យលេងទឹក ដែលអាចបណ្តាលឲ្យលង់ទឹកស្លាប់ ធ្វើឲ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត។

សូមបញ្ជាក់ថា ពលរដ្ឋទាំង៧០គ្រួសា ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ មានអង្ករ១០គីទ្បូ គ្រឿងឧបភោគបរិភោគ ថវិកា២ម៉ឺនរៀល និងបានចែកជូនដល់ប្រជាការពារ ១៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕