(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃនេះ បានរំលឹកជាថ្មីនូវប្រវត្តិ នៃការដឹកនាំរបស់សម្តេចក្នុងគ្រាប្រទេសកម្ពុជា ទើបរើខ្លួនចេញពីភាពក្រីក្រ និង លំបាក ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា មិនត្រូវឲ្យមេរៀនឈឺចាប់ពីអតីតកាលនេះ វិលមកគ្រប់ដណ្តប់លើប្រទេសកម្ពុជា ដ៏កម្សត់នេះជាថ្មីទៀតនោះឡើយ។

អមដោយរូបភាពជាច្រើនសន្លឹកនៅលើសមរភូមិ និងបេសកកម្មចុះជួយប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់ ក៏ដូចជាជួយបូបទឹកដាក់ស្រែពេលជួបគ្រោះរាំងស្ងួតផងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅលើ Facebook របស់សម្តេចនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះថា «មុនមានថ្ងៃនេះ យើងបានឆ្លងកាត់ដំណាក់កាលលំបាកយ៉ាងខ្លាំង។ គ្រួសារនីមួយៗ ត្រូវចាប់ផ្តើមពីបាតដៃ ទទេ ជាមួយនឹងការត្រូវវិលត្រឡប់ទៅរកភូមិកំណើត ស្វែងរកក្រុមគ្រួសារបន្ទាប់ពី ប៉ុល ពត ជម្លៀស។ រដ្ឋាភិបាលនាសម័យនោះ ដែលភាគច្រើនដឹកនាំដោយខ្ញុំ ត្រូវស្ថិតក្នុងសភាពការណ៍ ដ៏លំបាក ព្រោះប្រទេសជាតិស្ថិតក្នុងកាលៈទេសៈមានសន្តិភាពផង និង មានសង្គ្រាមផង»

នាយករដ្ឋមន្រ្តីកម្ពុជា ដែលត្រូវបានគេដឹងថាចាប់ផ្តើមដឹកនាំ និងទទួលខុសត្រូវលើជោគវាសនាប្រជាជន និងប្រទេសកម្ពុជា តាំងពីវ័យជាង ២០ឆ្នាំ ក្នុងគ្រាប្រទេសគ្មានសេសសល់អ្វីទាំងនោះ បានរំលឹកទៀថា ក្នុងគ្រាប្រទេសកំពុងជួបការលំបាកនាអំឡុងទសវត្សរ៍ឆ្នាំ៨០ គ្រោះទឹកជំនន់ និង រាំងស្ងួតតែងកើតមាន ដែលតម្រូវឲ្យមន្ត្រីថ្នាក់ដឹកនាំចុះជាប់ជាមួយប្រជាជន ឬ រហូតទៅកាន់សមរភូមិ រួមសុខ រួមទុក្ខជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារប្រជាជនពីការវាយប្រហារពីពួក ប៉ុលពត ទៀតផង។

ជាមួយការរំលឹកពីប្រវត្តិរបស់ប្រទេសកម្ពុជា ក្នុងគ្រាលំបាកនេះ សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា រួមគ្នាការ ពារនូវសន្តិភាព និងមិនត្រូវភាពឈឺចាប់ទាំងនេះ វិលមកគ្រប់ដណ្តប់លើប្រទេសកម្ពុជាជាថ្មីនោះឡើយ។ «ការរំលឹកពេលនេះប្រទេសមានសន្តិភាពទាំងស្រុង ដែលផ្តល់លទ្ធភាពឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។ មេរៀនឈឺចាប់ពីអតីតកាលមិនត្រូវឱ្យមានទៀតទេ លើទឹកដីដ៏កម្សត់របស់យើង»

`