(កំពង់ធំ)៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៥០០គ្រួសារ មកពីបណ្តាឃុំចំនួន០៣ (ទ្រា,កំពង់ចិនជើង,កំពង់ចិនត្បូង) ស្រុកស្ទោង ខេត្តកំពង់ធំ ទទួលបានអំណោយសម្រាលការលំបាក ពី ក្លឹប រ៉ូតថារី ភ្នំពេញខេពីតាល, ក្លឹប រ៉ូតថារី ភ្នំពេញសេនត្រល និង រ៉ូតថារីក្លឹប ចតុមុខ។
ពិធីចែកអំណោយជូនពលរដ្ឋរងគ្រោះនេះ បានព្រឹត្ដទៅនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នាមុខសាលាស្រុកស្ទោង ក្រោមអធិបតីភាព អភិបាលខេត្តកំពង់ធំ លោក សុខ លូ និងលោកស្រី ហើយក៏មានការចូលរួមពី លោក ណែត សារី អភិបាលស្រុកស្ទោង និងរ៉ូតថារីក្លឹបផងដែ។
អភិបាលស្រុកស្ទោង លោក ណែត សារី បានថ្លែងថា អំឡុងគ្រោះទឹកជំនន់ បានធ្វើឲ្យប៉ះពាល់លំនៅឋានប្រជាពលរដ្ឋចំនួន៨០៣៩ខ្នងផ្ទះ លើឃុំចំនួន៧ ដែលស្ថិតនៅតាមបណ្តោយដងស្ទឹងស្ទោង។ ស្រូវវស្សារងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ៤,៤៥៤ ហិចតា និងខូចខាតទាំងស្រុង
ចំនួន៩៩១ហិចតា ហើយមនុស្សលង់ទឹកស្លាប់ចំនួន០៣ករណី។
លោកបន្ដថា ទោះបីស្ថានភាពទឹកមិនទាន់ស្រកអស់ ក៏ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់មានភាពកក់ក្តៅ ដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ និងសង្គ្រោះទាន់ពេលវេលា។ ជាក់ស្តែងក្នុងថ្ងៃនេះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៥០០គ្រួសារ នឹងទទួលបានអំណោយសង្គ្រោះបន្ទាន់ ថ្នាក់ដឹកនាំ និងសប្បុរសជននានា។
លោកអភិបាលស្រុកបានថ្លែងបន្ដថា «ក្នុងនាមរដ្ឋបាលស្រុក និងក្នុងនាមប្រជាពលរដ្ឋទូទាំងស្រុកស្ទោង ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជននានា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសប្រជាពលរដ្ឋនៅទូទាំងស្រុកស្ទោង» ។
ក្នុងឱកាស លោកស្រី ទ្បេង ផល្លី ប្រធានក្លឹបរ៉ូថារីចតុមុខភ្នំពេញ បានឲ្យដឹងថា ដោយសារតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅកម្ពុជា ខេត្តមួយចំនួនបានបង្កឱ្យមានទឹកជំនន់យ៉ាងខ្លាំងហើយធនធាន ជីវសាស្ត្ររបស់ប្រជាជនកំពុងខ្វះខាត។
ហេតុដូច្នេះហើយ រ៉ូតថារី បានចាប់ផ្តើមបរិច្ចាគសម្ភារជាបន្ទាន់ ជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះចំនួន៥០០គ្រួសារ ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករពណ៌ស ១០គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង ៥កំប៉ុង, អំបិល ១គីឡូក្រាម, ទឹកត្រី ១ដប, ភួយ១, មុង១, សាប៊ូ ១ដុំ, ទឹកផ្លែឈើ១ដប។
ក្លឹបរ៉ូតថារី ជាអង្គការអន្តរជាតិមួយកើតចេញពីបណ្តុំសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មនានា មានអាយុកាលប្រមាណជា១០០ឆ្នាំមកហើយ ដែលមានបេសកកម្មធ្វើសកម្មភាពមនុស្សធម៌ ជួយដល់សង្គមលើវិស័យអប់រំ, មន្ទីរពេទ្យ, ការគាំពារទារក និងមាតា, ទឹកស្អាត, សហគមន៍ក្រីក្រ និងក្មេងកំព្រាទុរគត។
សម្រាប់ រ៉ូតថារីក្លឹបភ្នំពេញចតុមុខ, រ៉ូតថារីក្លឹបភ្នំពេញខេពីតាល និងរ៉ូតថារីក្លឹបភ្នំពេញសេនត្រល ជាសាខានៅកម្ពុជា ក៏បាននិងកំពុងធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មផងដែរ ដើម្បីរួមចំណែកជួយដល់សង្គម៕