(ភ្នំពេញ)៖ លោក សោម អូន ប្រធានសមាជិកសមាជិកា នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំសមាជិក សមាជិការបស់ខ្លួនគោរពវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើតរបស់លោក ហេង សួរ ដែលបានទទួលមរណភាពនាវេលាម៉ោង ១០៖១៨ នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។
តាងនាមសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន ពិតជាមានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ដោយទទួលបានដំណឹងថា ឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើត លោក ហេង សួរ ប្រធានផ្នែករាជធានី-ខេត្តនៃយុវជនគណបក្សថ្នាក់កណ្តាល និងលោក ហេង ណន អនុប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល ដែលបានទទួលមរណភាព ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តអនេកនេះ លោក សោម អូន បានសម្តែងនូវក្តីក្រៀមក្រំក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសព និងញាតិសាលោហិតទាំងអស់ដោយក្តីសង្វេគជាពន់ពេក៕