(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសសម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាសរង្វង់មូលចោមចៅ ចាប់ពីថ្ងៃនេះបន្ទាប់ពីដំណើរការសាងសង់បានបញ្ចប់រួចរាល់ហើយនោះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ការប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវក្រោមដីនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអញ្ជើញបើកការដ្ឋាន ដំណើរការសាងសង់ ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ហើយថ្ងៃនេះ យកលឱកាសនេះសូមប្រកាសជូនបងប្អូនឱ្យបានជ្រាបថា កាលមុននេះយើងមានក្រុមហ៊ុនអនិកជនកម្ពុជា កំពុងសាងសង់ស្ពានអាកាស រង្វង់មូលចោមចៅ ក្នុងស្ពានអាកាសហ្នឹងវាមានផ្លូវក្រោមដី ប្រវែង៤៨៨ម៉ែត្រ ទន្ទឹង៨.៥ម៉ែត្រ អីឡូវហ្នឹងបានកសាងរួចហើយ អញ្ចឹងខ្ញុំសូមយកឱកាសនេះ ប្រកាសជម្រាបជូន និងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ...! យើងមាននៅលើអាកាសផង ក្រោមដីផង ប៉ុន្តែអាក្រោមដីនេះ បើកឱ្យដំណើរការដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់ចោមចៅ»។
ទន្ទឹមនឹងការប្រកាសបើកឱ្យដឹណើរការជាបណ្តោះអាសន្នផ្លូក្រោមដីនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋក៏អាចយកតំបន់ផ្លូវក្រោមដីរង្វង់មូលចោមចៅនេះ ធ្វើជាតំបន់ទេសចរណ៍ ដោយកូនចៅខ្លះអាចនេះឪពុក ម្តាយ ដែលចង់ឃើញផ្លូវក្រោមដីដែលមានប្រវែងវែង ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្រោមម្លប់សុខសន្តិភាព ដែលកម្ពុជាទទួលបាន។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យក្រុមហ៊ុនទូរស័ព្ទទៅតបណ្តាញសេវារបស់ខ្លួន នៅផ្លូវក្រោមដីរង្វង់ចោមចៅនេះ ដើម្បីពេលប្រជាពលរដ្ឋនាំគ្នាទៅលេង ឬធ្វើដំណើរនៅទីនោះ កុំវាឱ្យដាច់សេវា ខណៈនៅតាមបណ្តាប្រទេសនានា គឺគេបានធ្វើលើកិច្ចការងារនេះរួចទៅហើយ។ ដូច្នេះ សូមឱ្យក្រុមហ៊ុនទូរស័ព្ទនានាចុះទៅសិក្សា ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការដាក់បណ្តាញសេវារបស់ខ្លួន នៅផ្លូវក្រោមដីនេះបាន ឬអត់។
ពាក់ព័ន្ធនឹងការភ្ជាប់បណ្តាញសេវា នៅផ្លូវក្រោមដីរង្វង់មូលចោមចៅនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើកិច្ចការងារនេះជាមួយក្រុមហ៊ុន Cellcard របស់ឧកញ៉ា គិត ម៉េង ឱ្យធ្វើជាគំរូលើផ្នែកនេះមុនគេ ខណៈក្រុម Cellcard របស់ឧកញ៉ា គិត ម៉េង គឺមានសេវាអ៊ីនធើរណែតល្បឿនលឿន ក្របដណ្តប់ពេញផ្ទៃប្រទេស។
ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានបញ្ជាក់ថា បើតាមការសង្កេតមើលរបស់សម្តេចគឺនៅក្នុងគណៈរដ្ឋមន្ត្រី ស្ទើរតែប្រាស់ ប្រព័ន្ធទូរស័ព្ទ Cellcard របស់ឧកញ៉ា គិត ម៉េង ៩៥ភាគរយទៅហើយ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនទូរស័ព្ទ Cellcard មានទំនាក់ទំនងជាមួយក្រុមហ៊ុនទូរស័ព្ទនៅបរទេស ដែលអាចផ្តល់ភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង មកកាន់ប្រទេសកម្ពុជា។
ត្រង់ចំណុចនេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការលើកសសើរពីដំណើរការសេវាទូរស័ព្ទល្អរបស់ក្រុមហ៊ុន Cellcard មិនមែនសម្តេចឃោសនាឱ្យឧកញ៉ា គិត ម៉េង នោះទេ គឺសម្តេចចង់ឱ្យប្រព័ន្ធអ៊ីធើរណែត មានល្បឿនលឿន និងមានប្រព័ន្ធសេវាទូរស័ព្ទជាប់ជានិច្ច។ ខណៈថ្ងៃសម្តេចចុះទៅសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ គឺប្រើប្រាស់ប្រព័ន្ធ WiFi ចំនួន៣ក្រុមហ៊ុន បែរជាគ្មានសេវា ស្រាប់តែមានតែសេវាក្រុមហ៊ុន Cellcard របស់ឧកញ៉ា គិត ម៉េង ទៅវិញ។
សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅនេះ ប្រើប្រាស់ថវិកាសាងសង់២២លានដុល្លារអាមេរិក ប្រើរយៈពេលសាងសង់៣០ខែ ពោលចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ គឺក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)៕