(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ សម្ដេចនឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលផ្លូវទាំងនេះគ្រោងចំណាយថវិកាប្រមាណ ១៥០ លានដុល្លារអាមេរិក។
ការថ្លែងបែបនេះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ពីទីក្រុងកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរាឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ផែនការធ្វើផ្លូវ ១៥០លានដុល្លារ នៅក្រុងសៀមរាប នឹងបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា....ធ្វើផ្លូវឱ្យស្អាតនៅទីក្រុងសៀមរាប បន្ទាប់ពីធ្វើផ្លូវស្អាតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ»។
គួរជម្រាបថា ការសាងសង់ផ្លូវទាំាំង ៣៨ខ្សែ នៅក្រុងសៀមរាបនេះ គឺក្នុងគោលបំណងលើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ហើយក៏ធ្វើឱ្យក្រុងសៀមរាបក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក។
ផ្លូវដែលត្រូវធ្វើការស្ថាបនា និងកែលម្អឡើងវិញទាំងអស់នោះ នឹងក្លាយទៅជាផ្លូវសម្ពន្ធមេត្រីភាពជាមួយវិស័យវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ ដោយស្របតាមរូបសាស្រ្តទីក្រុង និងមានការគិតគូរជាប្រព័ន្ធលើគ្រប់ទិដ្ឋភាព ដូចជា ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ លូរំដោះទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ សួនច្បារ និងសួនដាំដើមឈើជាដើម៕