(សៀមរាប)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងទទួលបានការអនុញ្ញាតពីសម្តេចចៅហ្វាវាំង គង់ សំអុល ផងនោះ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងលោកស្រី សុខ នារី គុយសុផល បាននាំយកព្រះរាជអំណោយរបស់ព្រះករុណា និងសម្តេចព្រះមហាក្សត្រី ចែកជូនដល់ប្រជារាស្រ្តទទួលរងគ្រោះដោយទឹកជំនន់ ១,១៥៣គ្រួសារ រស់នៅក្នុងឃុំយាង និងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
សកម្មភាពសប្បុរសធម៌របស់ព្រះរាជតំណាងនេះ ធ្វើឡើងនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ រួមសកម្មភាពដោយលោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង លោកស្រី គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីសំខាន់ៗរបស់ក្រុមសម្តេចឪ ក្រសួងព្រះបរមរាជវាំងជាច្រើននាក់ទៀត។
លោក គុយ សុផល បានជម្រាបជូននូវព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វថ្ងៃព្រះអង្គកំពុងគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្ងាយពីកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្តែព្រះអង្គមានព្រះរាជហឫទ័យផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ និងព្រួយបារម្ភអំពីស្ថានភាពនៃជីវភាពរស់នៅរបស់ប្រជានុរាស្ត្រ ដែលទទួលរងគ្រោះដោយមហន្តរាយនៃទឹកជំនន់នៅគ្រប់មូលដ្ឋាន។
ព្រះអង្គមានព្រះរាជហឫទ័យនឹករលឹកសាកសួរសុខទុក្ខ អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅក្រៃលែងចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គដែលរស់នៅតាមបណ្តាភូមិក្នុងឃុំទាំងពីររបស់ស្រុកពួក ក៏ដូចជាប្រជារាស្ត្ររស់នៅតាមបណ្តាភូមិ ឃុំ ស្រុក ក្នុងខេត្តសៀមរាប និងនៅតាមបណ្តាខេត្តដទៃទៀតនៃប្រទេសកម្ពុជា ដែលទទួលរងគ្រោះរហូតដល់ការបាត់បង់អាយុជីវិតកំពុងជួបប្រទះនូវការលំបាក ខ្វះខាតក្នុងជីវភាពជាខ្លាំង ដូចជាការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំទ្រព្យសម្បត្តិផ្សេងៗ និងការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ពន្ធសង្គមជាតិ។
ហេតុនេះហើយទើបព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានលោក គុយ សុផល ជាព្រះរាជតំណាងរបស់ព្រះអង្គទាំងទ្វេនាំមកនូវព្រះរាជអំណោយចែកជូនប្រជារាស្ត្រទាំង ១,១៥៣គ្រួសារ ក្នុងឃុំទាំងពីរនៃស្រុកពួក ខេត្តសៀមរាប ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពបានមួយគ្រា។
ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលលោក គុយ សុផល និងលោកស្រី សុខនារី គុយសុផល ចែកជូនប្រជារាស្ត្រក្រីក្រនាពេលនោះ ក្នុងមួយគ្រសួសារទទួលបានអង្ករ ១បាវ (៥០គ.ក្រ) ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១) មី ១កេស ត្រីខ ១០កំប៉ុង កៅស៊ូតង់ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ១ផ្ទាំង អាវយឺតមានផ្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និងថវិកា ៤០ម៉ឺនពាន់រៀល។
ព្រះរាជអំណោយដ៏ថ្លៃថ្លានេះ គឺជាព្រះរាជហឫទ័យសណ្ដោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លានៃព្រះករុណា និងសម្ដេចព្រះមហាក្សត្រី ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងកម្ពុជា ដែលជាការសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ទុក្ខលំបាករបស់ប្រជារាស្ត្រ គឺជាទុក្ខលំបាករបស់ព្រះមហាក្សត្រ និងសម្ដេចម៉ែ។
គួរបញ្ជាក់ជូនថា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយជួយសង្រ្គោះប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់ នៅក្នុងឃុំទាំង២ ស្រុកពួក ខេត្តសៀមរាប មានចំនួន១១៥៣គ្រួសារ តាមរយៈលោក គុយ សុផល នាពេលនេះ បានប្រព្រឹត្តទៅបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានប្រោសព្រះរាជទានព្រះរាជអំណោយតាមរយៈលោក គុយ សុផល ជួយស្រោចស្រង់បញ្ហាជីវភាពប្រជារាស្ត្ររងគ្រោះដោយជំនន់ទឹកភ្លៀងមានចំនួនសរុប ៦៤៥គ្រួសារ រស់នៅក្នុងឃុំចំនួន៤ របស់ស្រុកកណ្តៀង ខេត្តពោធិ៍សាត់, កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានជួយស្រោចស្រង់បញ្ហាជីវភាពរបស់បងប្អូនរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងរស់នៅក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានចំនួន ៥១១គ្រួសារ, នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានជួយសម្រាលទុក្ខលំបាកក្នុងបញ្ហាជីវភាពរបស់ប្រជារាស្រ្តរងគ្រោះដោយជំនន់ទឹកភ្លៀងរស់នៅក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានចំនួន៥៤៥គ្រួសារ, នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានជួយសម្រាលការលំបាកក្នុងជីវភាពរបស់បងប្អូនប្រជារាស្ត្ររងគ្រោះចំនួន ៤៧៦គ្រួសារ រស់នៅក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានជួយសម្រាលបញ្ហាលំបាកខ្វះខាតស្បៀងអាហាររបស់បងប្អូនប្រជារាស្ត្ររងគ្រោះចំនួន ៦៧៤គ្រួសារ រស់នៅក្នុងឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និងប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់មានចំនួន ៥៩៩គ្រួសារ រស់នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានជួយស្រោចស្រង់បញ្ហាលំបាកខ្វះខ្វាត ក្នុងជីវភាពប្រជារាស្ត្ររងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់មានចំនួន ៥៩៤គ្រួសារ រស់នៅក្នុងឃុំចំនួន៤ ក្រោមឱវាទ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ រួចមកហើយ។
ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយរស់នៅក្នុងឃុំយាង និងឃុំសសរស្តម្ភ ក្នុងស្រុកពួក ខេត្តសៀមរាប បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងសូមថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពដ៏ល្អបរិបូណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕