(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចំពោះ លោក ហូ វ៉ាន់ អតីតមេដឹកនាំមួយរូបរបស់ អតីតគណបក្សសង្រ្គោះជាតិ ដោយមិនឱ្យរួចខ្លួនជាដាច់ខាត ចំពោះការបញ្ជាឱ្យមានការធ្វើបាតុកម្មប្រឆាំងនឹង ស្ថានទូតចិននៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។
ថ្លែងក្នុងពិធីបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រទៅកោះនរា ពីកោះនរា ទៅផ្លូវជាតិលេខ១ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «"អាវ៉ាន់" ហ្នឹង គឺហូ វ៉ាន់ ចាស់ជាងខ្ញុំមែនតែខ្ញុំហៅ "អាវ៉ាន់"។ "អាវ៉ាន់" អើយ ឈប់បានឈប់ទៅ "អាវ៉ាន់" ប្រពន្ធកូនហ្អែង នៅភ្នំពេញនេះទេ ហ្អែងកុំជ្រុលពេក សម្តីហ្អែងបញ្ជា នៅក្នុងទូរស័ព្ទទាំងអស់»។
សម្តេចបានបន្តថា «រឿងអីហ្អែងមកបញ្ជាប្រឆាំងទូតចិន ប្រឆាំងនឹងវត្តមានយោធាចិន ពួកហ្អែងឆ្កួតៗ ប្រយ័ត្ន ! ប្រពន្ធកូនហ្អែងដេកអត់សុខទេ កំពុងតែភ័យ ហ្អែងឈប់បានឈប់ទៅ ចំណាស់ហ្នឹងហើយ ទោះបីជាហ្អែងដណ្តើមអំណាចបាន គេក៏មិនឱ្យហ្អែងធ្វើកុងសីដែរ»។
ក្នុងឱកាសខួបលើកទី២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស កាលពីថ្ងៃទី២៣ តុលា ឆ្នាំ២០២០ ក្រុមបាតុករមួយក្រុមតូច ដែលមានគ្នាប្រមាណ២០នាក់ សុទ្ធសឹងតែជាអ្នកសកម្មជាមួយអតីតគណបក្សសង្រ្គោះជាតិ ធ្វើបាតុកម្មប្រឆាំងនឹងស្ថានទូតចិន ក្រោមការបញ្ជាផ្ទាល់ពី លោក ហូ វ៉ាន់ ដោយបង្កើតលេសថា «ចិនដាក់មូលដ្ឋានទ័ពនៅកម្ពុជា»។ សំឡេង លោក ហូ វ៉ាន់ ដែលត្រូវបានបង្ហាញដោយសម្តេចតេជោ បានឱ្យដឹងថា បាតុករនោះ ត្រូវបានជួលដោយ លោក ហូ វ៉ាន់ ក្នុងតម្លៃមួយ ហើយត្រូវបានបន្ថែមម្នាក់២០០ដុល្លារទៀត នៅថ្ងៃធ្វើបាតុកម្ម។ ប៉ុន្តែទោះជាយ៉ាងនក្តី សមត្ថកិច្ច បានបំបែកក្រុមបាតុករនេះ ហើយឃាត់ខ្លួនមនុស្ស៣នាក់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា៖ «ហ្អែងជាមេខ្លោង នៃអំពើក្បត់ អញ្ចឹងរឿងអីមិនចាត់ការពួកក្បត់នៅខាងក្នុង បើពួកក្បត់នៅខាងក្នុងទទួលបទបញ្ជាពីអាមេក្បត់ ដូច្នេះអាជ្ញាធរ តុលាការគេចាត់ការ អាហ្នឹងរឿងត្រឹមត្រូវតាមច្បាប់ ព្រោះអាមេចោរត់គេចខ្លួន ដល់ទៅបញ្ជាកូនចោរឱ្យធ្វើសកម្មភាព មិនអាកូនចោរជាប់គុក អញ្ចឹងហ្អែងកុំរុញគេឱ្យជាប់គុកណា ហ្អែងត្រូវចាំ»។
ក្រៅពីព្រមាន លោក ហូ វ៉ាន់ សម្តេ ចតេជោ ហ៊ុន សែន បានព្រមានសមាជិកអតីតគណបក្សប្រឆាំងដែលសកម្មមួយរូបទៀត ដែលមានប្រពន្ធជាអ្នករកស៊ីដូរប្រាក់ នៅភ្នំពេញនៅឡើយ។
សម្តេចបានចោទថា៖ «តើចិនមានកងទ័ពនៅកម្ពុជាទេ កម្ពុជាបានឱ្យសិទ្ធិចិនដាក់ទ័ពនៅកម្ពុជាតាំងពីកាលណា? ខ្ញុំបញ្ជាក់ឡើងវិញ ខ្ញុំធុញទ្រាន់ជាមួយជនបរទេសមួយចំនួន បូកជាមួួយខ្មែរយើងដែលរុញសភាពការណ៍ហ្នឹង។...យើងធុញទ្រាន់ណាស់ហើយអស់លោកអ្នក នាយករដ្ឋមន្រ្តីនិយាយមិនស្តាប់ លោកឯងមានភស្តុតាងឯណា សូមបញ្ចេញមកថា កម្ពុជាមាន កិច្ចព្រមព្រៀងសម្ងាត់ជាមួយនឹងចិន ប្រើប្រាស់ផ្តាច់មុខនូវកំពង់ផែរាម រយៈពេល៣០ឆ្នាំ»។
សម្តេចបានបន្តថា បើមិនបញ្ចេញ រឿងនេះបង្ហាញថា អ្នកទាំងនោះភូតកុហក់។ សម្តេចបានរលឹកអំពីរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ កាលពីឆ្នាំ១៩៧០ ដែលក្រុមអ្នកធ្វើរដ្ឋប្រហារត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក ដោយយកលេសថា «ប្រឆាំងយៀកុង នៅលើទឹកដីកម្ពុជា»។
សម្តេចក៏បានចោទសួរដោយមិនបញ្ចេញឈ្មោះបរទេសនោះ ប៉ុន្តែទំនងជាអាមេរិកថា «ឥឡូវ អ្នកឯងប៉ុនប៉ងធ្វើអ្វីជាមួយខ្ញុំ បានជា "វត្តមានចិនៗៗ" ហើយពួកអាក្រុមក្បត់ជាតិនេះគឺ បំផុសមនុស្សឱ្យធ្វើសកម្មភាព ប្រឆាំងទូតចិន»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសទូទាត់ជាមួយនឹង លោក ហូ វ៉ាន់ ចំពោះករណីផ្លូ វវេងស្រេង កាលពីឆ្នាំ២០១៣ ដែលសម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពេលនោះលោក ហូ វ៉ាន់ ក៏បានបញ្ជាឱ្យធ្វើបាតុកម្មនៅម៉ោង២ទៀបភ្លឺ ដែលសម្តេចបានព្រមានដែរថា លោក ហូ វ៉ាន់ នឹងមិនរួចខ្លួនទេ ហើយសង្ឃឹមថា មេដឹកនាំក្រុមប្រឆាំងនេះ កុំរុញប្រពន្ធកូនឱ្យចូលពន្ធនាគារទៀត។ សម្តេចសង្ឃឹមថា ប្រពន្ធលោក ហូ វ៉ាន់ មិនធ្វើជាអ្នកបែងចែកលុយសម្រាប់អ្នកដែលធ្វើបាតុកម្មនៅក្នុងប្រទេសទេ។
«ពួកហ្អែងហ៊ានស្បថឱ្យរន្ទៈបាញ់ទេ បើនិយាយពីកងទ័ពចិន ប៉ុន្តែគេធ្វើនេះដើម្បីជាមូលហេតុ ដើម្បីឈានទៅមួយជំហានទៀតឈានដល់ ការផ្តួលរំលំ បើិសិនជាគេប្រមូលកម្លាំងបាន ប៉ុន្តែពួកហ្អែកគ្មានផ្លូវទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ជាមួយនឹងការគូសបញ្ជាក់ទៀតថា៖ «ប្រាប់ឱ្យហើយ តម្លៃសន្តិភាពនេះធំណាស់ អត់យកអីមកជំនួសវាបានទេ»។
សម្តេចបានផ្តាំប្រពន្ធ លោក ហូ វ៉ាន់ កុំឱ្យមានការពាក់ព័ន្ធរឿងចែកលុយដល់អ្នកបាតុកម្មនេះឱ្យសោះ៕