(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានដាក់បញ្ជារដ្ឋមន្ត្រីនៃក្រសួង ៤រូប ឲ្យចាត់មន្ត្រីជាន់ខ្ពស់របស់ខ្លួន ចុះវាយតម្លៃដោយផ្ទាល់ជាបន្ទាន់ លើផ្លូវ ទំនប់ និងស្ពាន ដែលខូចខាតដោយទឹកជំនន់ ដើម្បីជួសជុលឡើងវិញ។
ថ្លែងក្នុងឱកាសបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រទៅកោះនរា ពីកោះនរា ទៅផ្លូវជាតិលេខ១, សម្តេចតេជោបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងទាំង៤ ដែលត្រូវចាត់មន្ត្រីជាន់ខ្ពស់ ឲ្យបំពេញភារកិច្ចជាបន្ទាន់នេះ រួមមាន៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ មន្ត្រីនៃក្រសួងទាំង៤នេះ ត្រូវចុះវាយតម្លៃការខូចខាត ជាមួយមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយពីរឿងផ្លូវ ក៏ខូចខាតទាំងផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ ស្ពានមួយចំនួន ហើយទំនប់ប្រឡាយមួយចំនួនត្រូវបាក់បែក។ អញ្ចឹងទេ សភាពការណ៍មិនធម្មតា នីតិវធីក៏មិនត្រូវធម្មតា។ កុំចាំមន្ទីរ! មន្ទីរកសិកម្មក្តី អភិវឌ្ឍន៍ជនបទក្តី ធនធានទឹកក្តី សាធារណការក្តី វាយតម្លៃពីខាងក្រោម។ ឥឡូវ ក្រសួងនីមួយៗមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការច្រើនណាស់។ ចុះទៅ! ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះទៅជាមួយទៅ។
សម្តេចមានប្រសាសន៍បន្តថា «ធ្វើការជាមួយខេត្ត ជាមួយមូលដ្ឋាន! កុំបង្អង់យូរ ទឹកស្រកភ្លាម ចាប់ផ្តើមធ្វើភ្លាម ចាប់ផ្តើមជួសជុល។ ស្តារឡើងវិញបន្ទាន់!»។
បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី, គ្រោះធម្មជាតិទឹកជំនន់នេះ ធ្វើឲ្យផ្លូវ ស្ពាន និងទំនប់មួយចំនួន រងការខូចខាតយ៉ាងខ្លាំង ដែលប្រការនេះសម្តេចមិនចង់ ឲ្យធ្វើការវាយតម្លៃត្រឹមតែមន្ត្រីតាមមន្ទីរឡើយ។ សម្តេចថ្លែងថា ការជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងនេះជាបន្ទាន់ ដើម្បីជួយប្រជាពលរដ្ឋ ពេលលក់ផលកសិកម្ម ដោយរក្សាបានតម្លៃខ្ពស់។ ជួយត្រង់ថា បើសិនជាផ្លូវ ស្ពាន់ និងទំនប់ដាច់ ហើយកសិករមិនអាចដឹកកសិផលបាន ធ្វើឲ្យឈ្មួញទៅទិញដល់កន្លែងបង្អាប់តម្លៃ។
សម្តេចតេជោ បានបន្ថែមថា ការដោះស្រាយរឿងទឹកជំនន់ទៀតសោត មិនមែនបញ្ចប់ត្រឹមការចែកជំនួយនោះទេ។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដូចជាមិនសូវឃើញនៅតាមជនបទ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ រាជធានី-ខេត្តចំនួន២០ របស់កម្ពុជា បានរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះមានប្រជាជន រងផលប៉ះពាល់ចំនួន ១៣៦,៤៤២គ្រួសារ ស្មើប្រមាណ ៥៤៥,៧៦៨នាក់, ប្រជាជនបានជម្លៀស មកទីទួលសុវត្ថិភាពចំនួន ១១,៨៣៨គ្រួសារ ស្មើប្រមាណ ៤៧,៣៥២នាក់ និងប្រជាជនស្លាប់ចំនួន ៤០នាក់។ នេះបើយោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕