(ពោធិ៍សាត់)៖ ឆ្នាំនេះវត្តបាកាន ដែលជាវត្តព្រះពុទ្ធរូបបែរព្រះភ័ក្រ្តទៅទិសខាងលិច បានប្រារព្ធពិធីបុណ្យកឋិនទានសមាគម ក្រោមការផ្ដួចផ្ដើមពីពុទ្ធបរិស័ទចំណុះជើងវត្ត មកពីក្នុង និងក្រៅខេត្ត ដើម្បីវេរត្រ័យចីវរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងប្រមូលបច្ច័យយកទៅទូទាត់ថ្លៃកាយស្ទឹងពោធិ៍សាត់ចាស់ជាប់វត្ត ដែលក្នុងនោះមានកោះមួយ គ្រោងនឹងសាងសង់ព្រះពុទ្ធរូបមានកម្ពស់៧០ម៉ែត្រ ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ អង្គកឋិនទានសមាគមបានដង្ហែប្រទក្សិណ៣ជុំព្រះវិហារ ដោយមានការចូលរួមពីម្ចាស់ត្រ័យ ដូនជី តាជី និងពុទ្ធបរិស័ទមកពីគ្រប់ទិសទី យ៉ាងច្រើនកុះករប្រកបដោយភាពអធិកអធមក្រៃលែង។
បើតាមលោកអាចារ្យវត្ត បានបញ្ជាក់ពីអត្ថន័យ នៃបុណ្យកឋិនទានថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងការគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរតាំងពីយូរណាស់មកហើយ គឺបុណ្យកឋិនទានធ្វើបានតែរយៈពេល២៩ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលការប្រគេនព្រះសង្ឃក្រាលគ្រងនៅថ្ងៃណាមួយក៏បានដែរ ហើយវត្តមួយធ្វើបានតែម្ដងទេក្នុងមួយឆ្នាំ។
លោកអាចារ្យបន្តថា កឋិន គឺជាសំពត់ដែលទាយក-ទាយិកា នាំយកគ្រឿងស្លៀកដណ្ដប់ ដែលដេរភ្ជាប់ដោយចេសមានឈ្មោះថា ចីវរ ទៅប្រគេនចំពោះភិក្ខុសង្ឃដែលបានគង់ចាំ ព្រះវស្សាអស់រយៈពេល៣ខែរួចមកហើយ។ ចំពោះបុគ្គលដែលធ្វើ គប្បីធ្វើឱ្យត្រូវតាមរបៀបវិន័យព្រះពុទ្ធដែរ ទើបកើតជាកឋិនពេញលក្ខណៈ រីឯអានិសង្ស គឺទាយកអ្នកធ្វើកឋិនបានអានិសង្សច្រើន ឯភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុមោទនាក៏បានអានិសង្ស៥យ៉ាងដែរ។
ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន មានថេរដីកាថា កឋិនទានសមាគមនេះប្រមូលបានបច្ច័យ៤៩,២៥០,០០០រៀល, ៣,០០៥ដុល្លារ និង៧,៥០០បាត សម្រាប់យកទៅទូទាត់ថ្លៃកាយ ស្ទឹងពោធិ៍សាត់ចាស់ ជាប់វត្ត ដែលក្នុងនោះមានកោះមួយ គ្រោងនឹងសាងសង់ព្រះពុទ្ធរូបមានកម្ពស់៧០ម៉ែត្រ។
ព្រះចៅអធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុទ្ធបរិស័ទទាំងអស់ ដែលបាននាំយកត្រ័យចីវរមកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តបាកាននេះ និងបានចូលរួមបច្ច័យជាកម្លាំងមហាសាមគ្គីសម្រាប់ចូលរួមនាពេលនេះ។ សូមឱ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសបារមីព្រះពុទ្ធរូបបែរព្រះភ័ក្រ្តទៅទិសខាងលិចនៅវត្តបាកាន តាមជួយបីបាច់ថែរក្សាបងប្អូនទាំងអស់គ្រប់ទិវារាត្រី ៕