(ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅរយៈពេល ១៩ថ្ងៃ ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ អ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៦៨.៥៥៣នាក់ ស្មើនឹង ៨៩.៤០% បើធៀបទៅនឹងផែនការអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣០០.៣៩០នាក់ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ របស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
គ.ជ.ប បានចាត់ទុកថា នេះជាលទ្ធផលល្អប្រសើរ និងគួរឱ្យកោតសរសើរប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុ ១៨ឆ្នាំ និងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ហើយពេលនេះបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតបានយ៉ាងច្រើនកុះករ បើទោះបីប្រឈមនឹងការរាតត្បាតកូវីដ-១៩ និងជំនន់ទឹកភ្លៀងយ៉ាងណាក៏ដោយ ។
ជាងនេះទៀត គ.ជ.ប ក៏៏បានបញ្ជាក់ដែរថា អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ១៥២.០០៤នាក់, អ្នកកែតម្រូវទិន្នន័យ សរុបមានចំនួន ៩២.៨២២នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី សរុបមានចំនួន ៨៨.៨៤៦នាក់ ។
គ.ជ.ប បានបន្ថែមទៀតថា សរុបអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ដែលបានធ្វើបច្ចុប្បន្នភាពរួច មានចំនួន ៨.៨៣៤.៧៥២នាក់។ លទ្ធផលនេះ គឺជាលទ្ធផលបណ្តោះអាសន្នចុងក្រោយ ដែលក្រុមចុះឈ្មោះបោះឆ្នោតទាំង ១.៦៤៦ បានបញ្ជូនទិន្នន័យមកពីបណ្តាឃុំ សង្កាត់ទូទាំងប្រទេស។ ចំពោះអ្នកដែលខកខានមិនបានមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅឆ្នាំនេះ អាចនឹង ធ្វើបាននៅឆ្នាំ២០២១ តាមច្បាប់តម្រូវ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០៖