(ភ្នំពេញ)៖ ខណៈពេលដែលកម្ពុជា និងបណ្តាប្រទេសជាច្រើនរងគ្រោះដោយទឹកជំនន់រយៈពេលចុងក្រោយនេះ មានរូបភាពជាច្រើនត្រូវបានបង្ហោះតាមបណ្តាញសង្គម។ មានរូបភាពមួយក្នុងចំណោមរូបភាពដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ សត្វសុនខមួយក្បាលព្យាយាមពាំកូន រត់គេចចេញពីទឹកជំនន់ដែលលិចដល់ពាក់ កណ្តាលដងខ្លួនវា។ រូបភាពនេះមានអត្ថន័យរាប់រយពាន់ដែលគួរពិចារណា។
អត្ថន័យរបស់វានៅត្រង់ថា ក្នុងកាលៈទេសៈអាសន្នបែបនេះ សូម្បីតែសត្វក៏ចេះជួយសង្គ្រោះកូនវាដែរ។ ចុះហេតុអ្វីបានជាមនុស្សខ្លះ បែរជាសុខចិត្តឱបដៃឈរមើលជនរួមជាតិរបស់ខ្លួនលិចលង់ដោយមិនអើពើ ទៅវិញ? មិនត្រឹមតែមិនអើពើប៉ុណ្ណោះទេ ប៉ុន្តែពួកគេបែរជាអង្គុយរិះគន់អ្នកដែលជួយសង្គ្រោះ យ៉ាងសស្រាក់សស្រាំ និងថែមទាំងបានរារាំងមិនឲ្យគេជួយជនរងគ្រោះដោយទឹកជំនន់ថែមទៀតក្រោមលេសថា «បើជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនោះ មានន័យស្មើនឹងជួយរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន»។
ជាការពិត វិបត្តិកូវីដ~១៩ និងគ្រោះជំនន់ទឹកភ្លៀងដែលបានកើតឡើងរយៈពេលចុងក្រោយនេះ គឺជាគ្រោះដ៏អាក្រក់មួយ សម្រាប់កម្ពុជាក៏ដូចជាសម្រាប់បណ្តាប្រទេសផ្សេងៗទៀតជាច្រើនដែលកំពុងរងគ្រោះដែរ។ ប៉ុន្តែគ្រោះដ៏អាក្រក់នេះក៏ជាវិញ្ញាសារដ៏សំខាន់មួយផងដែរ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ តាមរយៈវិញ្ញាសារនេះ ពួកគេអាចមើលឃើញយ៉ាងច្បាស់នូវសន្តានរបស់អ្នកនយោបាយបោកប្រាស់ទាំងឡាយដែលកន្លងទៅតែងតែអួតអាងថា ខ្លួនជាអ្នកស្នេហាជាតិ ជាអ្នកស្រឡាញ់និងអាណិត ប្រជាពលរដ្ឋខ្មែរ ហើយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែធាតុពិតរបស់ពួកគេ គឺអន់ជាងសត្វសុនខទៅទៀត។
តើឯណាទៅពាក្យថា ស្រឡាញ់ប្រជាពលរដ្ឋខ្មែរ? និងឯណាទៅ ពាក្យថាស្នេហាជាតិ? វិញ្ញាសារជាក់ស្តែងបានបង្ហាញច្បាស់ហើយនៅពេលនេះ។
តើអ្នកនយោបាយណាខ្លះបានចេញមុខជួយពលរដ្ឋខ្មែរពេលពួកគេជួបគ្រោះកូវីដ១៩ និងជាពិសេស គឺគ្រោះជំនន់ទឹកភ្លៀងដែលជាគ្រោះមហន្តរាយដ៏ធំបំផុតនិងដែលបាន យាយីនិងបំផ្លាញទ្រព្វសម្បត្តិរដ្ឋនិងឯកជនយ៉ាងច្រើនហើយបានឆក់យកជីវិតពលរដ្ឋខ្មែរមួយចំនួនផងដែរ។ គឺគ្មានអ្នកណាក្លៀវក្លា ប្តូរផ្តាច់ ស្លាប់រស់ជាមួយពលរដ្ឋខ្មែរជាងសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាឡើយ។
ក្រៅពីនោះ ក៏មានការរួមចំណែក ពីសម្បុរសជន បណ្តាបក្សនយោបាយមួយចំនួន និងបណ្តាប្រទេសជាមិត្តរបស់កម្ពុជាផងដែរ ក្រោមទឹកចិត្តមនុស្សធម៌ «ជួយគ្នាក្នុងគ្រាមានអាសន្ន»។ ចំណែកឯអ្នកនយោបាយដែលតែងតែអួតអាងក្អេងក្អាងថា ជាអ្នកស្នេហាជាតិនិងជាអ្នកស្រឡាញ់ប្រជាពលរដ្ឋខ្មែរនោះ បែរជាសម្ងំឈឹង ឱបដៃឈរ មើលទុក្ខវេទនារបស់ពលរដ្ឋខ្មែរធ្វើព្រងើយ។ ទន្ទឹមនឹងនោះអង្គការសង្គម ស៊ីវិលនិងអ្នកតាំងខ្លួនថាជាអ្នកវិភាគឯករាជ្យ ទាំងឡាយដែលតែងតែនិយាយបូរបាច់គ្រប់រឿងឥតឈប់ឈរ ហើយតាំងខ្លួនជាអ្នកចេះដឹង ជាជើងឯកខាងសិទ្ធិមនុស្សនោះ ក៏ស្ងាត់ឈឹងមិនបានចេញមុខជួយអ្វីដល់ខ្មែរដូច ដែលពួកគេធ្លាប់និយាយឆ្កាដៃឆ្ការជើងអួតអាងទាល់តែសោះ។
ពេលនេះ អាប៉ោងបានបើកគ្របហើយ គឺគ្មានអ្វីជាអាថ៌កំបាំងទៀតឡើយ។ កាលពីមុននៅពេលពួកគេអំពាវនាវឲ្យបរទេសផ្តាច់ជំនួយពីកម្ពុជា ឬ ជំរុញឲ្យបរទេសដាក់ទណ្ឌកម្មលើកម្ពុជា ពួកគេក៏ធ្វើឡើងក្រោមហេតុផលថា ដើម្បីដាក់ទណ្ឌកម្មលើសម្តេចតេជោ ហ៊ុន សែន ដែរ។ តាមពិតពួកគេ និយាយបែបនេះគឺគ្រាន់តែជាលេសយកនាយករដ្ឋមន្រ្តី ហ៊ុន សែនមកបិទបាំងតែប៉ុណ្ណោះ។ ប៉ុន្តែគោលដៅពិតប្រាកដរបស់ពួកគេគឺដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរតែម្តង។
ពួកគេមានចេតនាបំផ្លាញខ្មែរ យ៉ាងពិតប្រាកដពីព្រោះ បើតាមអត្ថន័យរបស់ពួកគេ គឺដើម្បីបំផ្លាញរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺត្រូវផ្តើមពីការបំផ្លាញខ្មែរមួយប្រទេសតាមទ្រឹស្តី «ដុតផ្ទះដើម្បីចំអិន បាយមួយឆ្នាំង»។ ហេតុអ្វីបានជាក្រុមនេះគិតយ៉ាងដូច្នេះ?
ចម្លើយគឺមកពីពួកគេយល់ច្បាស់ណាស់ថា នាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រជាពលរដ្ឋខ្មែរបានផ្សារសាច់ផ្សារឈាមជាប់គ្នាទៅហើយ។ ដោយសារតែសម្តេចតេជោ ហ៊ុន សែន និងពលរដ្ឋខ្មែរជាមនុស្សតែមួយបែបនេះ ហើយបានជារាល់ពេលដែលពលរដ្ឋខ្មែរមានទុក្ខ តែងតែមានមុខសម្តេចតេជោ ហ៊ុន សែន។ ហើយជាការឆ្លើយតបមកវិញ រាល់ពេលបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន តែងតែឈ្នះជាដរាប។ នេះជាហេតុផលសត្យានុម័តដែលក្រុមប្រឆាំងជ្រុលនិយម និងជនអគតិមួយចំនួនគិតថា ត្រូវតែ បំផ្លាញខ្មែរមួយនគរដើម្បីប្រឆាំងជាមួយសម្តេចតេជោ ហ៊ុន សែន។ តាមរយៈទង្វើបែបនេះពលរដ្ឋ ខ្មែរពិតជាបានយល់យ៉ាងច្បាស់ដោយឥតមន្ទិលឡើយថា អ្នកនយោបាយបែបនេះគឺជាជនទុច្ចរិតដែលមានចេតនា បំផ្លាញខ្មែរយ៉ាងពិតប្រាកដ។
កាលពីមុន មានតែរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងអ្នកគាំទ្ររដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទេ ដែលបានមើលឃើញនូវអំពើទុច្ចរិតរបស់ក្រុមនេះ។ ប៉ុន្តែ វិញ្ញាសារកូវីដ~១៩ និងជំនន់ទឹកភ្លៀងនៅពេលនេះបាននិងកំពុងបកស្បែកមុខក្រុមនេះ ដើម្បីឲ្យពលរដ្ឋខ្មែរគ្រប់រូបរាប់ទាំងអ្នកធ្លាប់គាំទ្រក្រុមនេះផង ឲ្យបានភ្លឺភ្នែកស្វាងស្រឡះជ្រះពីមន្ទិលសង្ស័យហើយមើល ឃើញច្បាស់ថា ក្រុមនេះពិតជាមានចេតនាទុច្ចរិតដូចរដ្ឋាភិបាល ធ្លាប់បានអះអាងពិតប្រាកដមែន ពីព្រោះពេលពួកគេមានទុក្ខ ឃើញតែមុខនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអាជ្ញាធររដ្ឋាភិបាលសម្តេចតេជោទេ ដែលចេញមកជួយ។ ចំណែកឯក្រុមអ្នកនយោបាយដែលខ្លួនធ្លាប់គាំទ្រនោះបែរជាស្ងាត់ឈឹង!
ជាភ័ព្វសំណាងល្អណាស់សម្រាប់ពលរដ្ឋខ្មែរដែលមាន សម្តេចតេជោ ហ៊ុន សែន ឈរពាំងការពាររហូតដើម្បីចាកផុតពី ការបំផ្លាញរបស់ក្រុមអ្នកនយោបាយទុច្ចរិតជ្រុលនិយម ទាំងនោះ។
ចំណុចដែលគួរអោយចាប់អារម្មណ៍បំផុតដែលសម្តេចតេជោ ហ៊ុន សែន បាននិយាយពីស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសៅរ៍ទី២៤ ខែតុលា ២០២០ ក្នុងឱកាស សំណេះសំណាលនិងចែកអំណោយដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀងនោះគឺសម្តេច ហ៊ុន សែន បានបញ្ជាក់ថា «លោកមានសមត្ថភាពអាច រំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមហើយនាំមកនូវសន្តិភាពពេញផ្ទៃប្រទេសបាន ប៉ុន្តែលោកគ្មានលទ្ធភាពនិយាយជាមួយក្រុមទុច្ចរិតជ្រុលនិយម នេះបានឡើយ» ដោយសារតែនយោបាយប្រឆាំងផ្កាប់មុខ និងជំនាញខាងលាបពណ៌របស់ក្រុមនេះ។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន ចង់ប្រាប់ពលរដ្ឋខ្មែរ ក៏ដូច ជាបរទេសខ្លះថា ក្រុមនេះអស់កែហើយ។
ទោះយ៉ាងណា ប្រជាពលរដ្ឋខ្មែរ មានជំនឿយ៉ាងមុតមាំថា សម្តេចតេជោ ហ៊ុន សែន មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈរការពារ ប្រទេសនិងប្រជាពលរដ្ឋខ្មែរចេញពីការបំផ្លិចបំផ្លាញរបស់ក្រុម នេះបានដោយមិនអនុញ្ញាតឲ្យពួកគេបំផ្លាញខ្មែរបានឡើយ។
ដូច្នេះខ្មែរពិតជាត្រូវការវត្តមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំយូរអង្វែងតទៅទៀត ពីព្រោះមានតែនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ ដែលដឹងសុខទុក្ខរបស់ខ្មែរ និងមានតែសម្តេច ហ៊ុន សែន ទេ ដែលមានសមត្ថភាពអាចឈរការពារខ្មែរឲ្យរួចផុតពីគ្រោះថ្នាក់គ្រប់យ៉ាងបាន។ ចំណែកឯអ្នកនយោបាយដែលឈរឱបដៃ មើលខ្មែររងគ្រោះនិងដែល មានសន្តានអន់ជាងសត្វសុនខទៅទៀតនោះ គឺពិតជាមិនមែនជាសេចក្តីត្រូវការរបស់ពលរដ្ឋខ្មែរសោះឡើយ។ សុភាសិតបូរាណមួយពោលថា «ក្រោយពេលភ្លៀងមេឃស្រឡះ»។ យ៉ាងណាមិញ «ក្រោយពេលខ្មែរមានទុក្ខ ខ្មែរក៏បានស្គាល់មុខសន្តានអ្នកនយោបាយ ដែលអន់ជាងសត្វសុនខ»ដែរ៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ