(បរទេស)៖ គ្មាននរណាចង់ឆ្លងជំងឺ COVID-19 ឡើយ ដូច្នេះដើម្បីការពារខ្លួន យើងត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព និងបាញ់ថ្នាំសម្លាប់មេរោគ។ ប៉ុន្តែប្រទេសមួយនេះ មានវិធីសាស្ត្រពិសេសជាងគេ ដែលនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល នោះគឺការបន្លំភ្នែក ហើយចំណុចដែលចម្លែកបំផុតនោះគឺ វាដូចជាហាក់ដូចមានប្រសិទ្ធភាពពិតមែន ពីព្រោះប្រទេសមួយនេះ ស្ថិតនៅក្នុងចំណោមប្រទេស ដែលមានករណីឆ្លង COVID-19 ទាបជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយនោះគឺប្រទេសកម្ពុជា។
នៅក្នុងប្រទេសនេះ ជំនឿពីបុរាណមួយបានជឿជាក់ថា ទាំងនេះគឺជាអ្នកការពារ ហើយពួកគេមានអំណាចបណ្តេញវិញ្ញាណអាក្រក់ឲ្យខ្ចាត់ទៅឆ្ងាយ ដោយវាមានរហស្សនាមថា «ទីងមោង»។ នៅពេលដែលជំងឺរាតត្បាតសកលផ្ទុះឡើង ប្រជាជនក៏ជឿជាក់ដែរថា ទីងមោងទាំងនេះអាចការពារពួកគេពី COVID-19 បាន។
ពួកគេទាំំងនេះ (ទីងមោង) ត្រូវបានធ្វើឡើងពីចំបើង និងស្លៀកសំលៀកបំពាក់ចាស់ៗ ហើយក៏មានបំពាក់អាវុធក្លែងក្លាយផងដែរ ដោយខ្លះមានទឹកមុខញញឹម, ខ្លះទៀតគ្មានមុខមាត់នោះឡើយ និងខ្លះទៀតមានព្យួរស្លាក ដែលមានសរសេរណែនាំឲ្យប្រជាជនលាងដៃ។
«កងអង្គរក្ស, ឆ្មាំការពារ»៖ វាមានន័យថានៅពេលយើងមានទីងមោងមួយ នោះវាស្មើនឹងយើងមានឆ្មាំម្នាក់ ដើម្បីការពារយើងប្រឆាំងនឹងវិញ្ញាណអាក្រក់ៗ។
មនុស្សភាគច្រើនប្រហែលជាគិតថា នេះគឺជាអបិយជំនឿ ហើយវាក៏គ្មានប្រយោជន៍អ្វីដែរ ប៉ុន្តែវាមិនមែនដូច្នោះទេ។ ទោះជឿឬមិនជឿ សម្រាប់ប្រជាជនកម្ពុជាច្រើន ពួកគេតែងតែផ្តល់ឲ្យគ្នានូវការលួងលោម ផ្នែកសតិអារម្មណ៍ នៅអំឡុងពេលដ៏លំបាកទាំងនេះ។ ប៉ុន្តែតើពួកគេអាចទៅរួចឬទេ? ដូច្នេះចូរតាមដានទាំងអស់គ្នា។
ប្រទេសកម្ពុជាមានករណីឆ្លង COVID-19 តែ ២៨២ករណីប៉ុណ្ណោះ ដែលស្ថិតនៅក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលមានករណីឆ្លងទាបបំផុត។ ប៉ុន្តែវាមិនមែនចាំបាច់ ដោយសារតែមានទីងមោងនោះឡើយ។ វាកើតឡើងព្រោះតែប្រជាជនដ៏អស្ចារ្យរបស់កម្ពុជា។
រាប់ចាប់ពីនាយករដ្ឋមន្ត្រី, រយៈពេល ៧ខែមកនេះ លោកបានបរិច្ចាគប្រាក់ខែទាំងអស់របស់លោកគឺ ១៧,០០០ដុល្លារអាមេរិក ក្នុងមួយខែៗ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹង COVID-19 ហើយមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀត បានដើរតាមជំហានរបស់នាយករដ្ឋមន្ត្រី ដោយសូម្បីតែមហាសេដ្ឋីនានាក៏ដូចគ្នាដែរ។
កម្ពុជាក៏បានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះជំនឿរាតត្បាតសកលនោះដែរ ដោយពួកគេបាន បិទព្រំដែន, បិទសាលារៀន, បិទទីកន្លែងកម្សាន្ត, ផ្អាកការប្រារព្ធពិធីនានា, ពាក់ម៉ាស ហើយថែមទាំងបានធ្វើចត្តាឡីស័ក កម្មករកាត់ដេរប្រមាណ ១៥,០០០នាក់ បន្ទាប់ពីមានការផ្ទុះករណីឆ្លង COVID-19 ជាចង្កោមមួយ។
ចំណាត់ការទាំងអស់ អាចគ្រប់គ្រងវីរុសបាន និងជួយសង្គ្រោះអាយុជីវិត។ ខ្ញុំត្រូវតែនិយាយថា «អបអរសាទរកម្ពុជា» សម្រាប់ការបំពេញកិច្ចការយ៉ាងអស្ចារ្យបំផុត នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល ខណៈដែលប្រទេសជាច្រើនផ្សេងទៀត កំពុងតែតស៊ូខ្លាំងបំផុត។
គំនិតផ្តួចផ្តើមរបស់អ្នក (កម្ពុជា) បានជួយសង្គ្រោះអាយុជីវិត។ ការឆ្លើយតបយ៉ាងឆាប់រហ័សរបស់កម្ពុជា ទៅកាន់ជំងឺ COVID-19 បានផ្តល់ឲ្យយើងនូវក្តីសង្ឃឹមថា ឆាប់ៗកម្ពុជានឹងលែងមានជំងឺនេះទៀត។ រាប់ចាប់តាំងពីការបិទព្រំដែន, បរិច្ចាគប្រាក់ខែ និងការកែច្នៃទីងមោង កម្ពុជាអាចបង្រៀនពិភពលោកថា ការឆ្លើយតបយ៉ាងឆាប់រហ័ស ទៅនឹងជំងឺរាតត្បាតសកល អាចជួយសង្គ្រោះជីវិតបាន។ មួយវិញទៀត វាគ្មានគ្រោះថ្នាក់អ្វីឡើយ នៅក្នុងការធ្វើតាមអបិយជំនឿ៕