(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកស្រី ជា ខេង និងក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ សរុបចំនួន ៤០០ គ្រួសារ ដោយក្នុង១ គ្រួសារៗ ទទួលបាននូវថវិកា ៤០ ០០០រៀល អង្ករ ២៥គីឡូក្រាម, ត្រីខ ១០កំប៉ុង, ប្រេងកូឡា ៣ដប, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, សាប៊ូម្សៅ ១កញ្ចប់ (០.៥ គីឡូក្រាម)។
លោកបាន នាំពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជន កម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជា ប្រធាន កិតិ្តយស គណបក្សប្រជាជន កម្ពុជា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុ ប្រធាន គណបក្សប្រជាជន កម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា អនុប្រធាន គណបក្សប្រជាជន កម្ពុជា ដោយសម្ដេចតែងតែគិតគូរនិងបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ហេីយសម្តេចពិតជាមានការសោកស្តាយ ចំពោះ បងប្អូន ប្រជាពលរដ្ឋដែលរងការខូចខាតស្រែចំការ សត្វ ចិញ្ចឹម និង ទ្រព្យ សម្បត្តិ នានា ដោយសារគ្រោះទឹកជំនន់។
ក្នុងកម្មវិធី នេះមានការចូលរួមពីតំណាងរាស្ត្រមណ្ឌល ខេត្តពោធិ៍សាត់ សមាជិក ព្រឹទ្ធសភា ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ។
លោកបានមានប្រសាសន៍បន្តថា អំណោយនេះ គឺសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋដោះស្រាយជីវភាពភ្លាមៗក្នុងរយះពេលខ្លី ដូច្នេះបងប្អូនមិនត្រូវយកពេលវេលាទៅល្បែង ស៊ីសង ឬធ្វេីការចំណាក់ស្រុកនោះទេ អ្វីដែលសំខាន់គឺត្រូវស្តារ ជីវភាព គ្រួសារឡេីងវិញ ដោយខិតខំបង្កបង្កើនផលនិងចិញ្ចឹមសត្វក្រោយពេលទឹកស្រកវិញ។ រាជរដ្ឋាភិបាលបានត្រៀមគ្រាប់ពូជ អ្នកបច្ចេកទេស ផ្នែកកសិកម្ម សម្រាប់ចែកជូននិងណែនាំដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់សម្រាប់បង្កបង្កើនផលក្រោយពេលទឹកស្រក ។
លោក ស៊ុយ សែម និងលោកស្រី បាន ផ្តួចផ្តេីមនិងឧបត្ថម្ភការ កសាងស្រះទឹកមួយកន្លែងទំហំ១ហិកតា បួនជ្រុង មានជម្រៅ១០ ម៉ែត្រ គ្រោងចំណាយថវិកាអស់ ប្រមាណ ១០ ០,០០០ ដុល្លារ សហរដ្ឋអាមេរិក សម្រាប់ជាចំណងដៃថ្មីជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំអូរតាប៉ោង យកទឹកស្រោចស្រពក្នុងការដាំដុះបន្លែ បង្ការ ជាពិសេសក្នុងរដូវប្រាំងដេីម្បីបង្កេីនជីវភាពគ្រួសារ ក្នុងការកសាងស្រះទឹកនេះ ក៏នឹងមានភ្ជាប់បណ្តាញ អគ្គីសនីតំលៃធូរ ថ្លៃដោយបងប្អូន គ្រាន់តែប្រេីកាត ឆូតដេីម្បីប្រេីភ្លេីងបូមទឹក ៕